ឯកឧត្តម អ៊ិត សំហេង ស្នើសុំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធចូលរួមអនុវត្តន៍គោលនយោបាយជាតិ សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥ បានបើកកិច្ចប្រជុំលើកទី៥ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន៖តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាព នៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបានស្នើសុំដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ នៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គម ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់បន្ថែមថា ការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជម្រុញឲ្យការអនុវត្តគោលនយោបាយនេះ កាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយថវិការ ព្រមទាំងបច្ចេកទេស មកលេខាធិការដ្ឋាន គ.អ.ម.ក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ ។ ជាការពិត អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូរយ៉ាងសំខាន់ដែលមិន អាចខ្វះបាន នៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner