កាលានុវត្តភាព សម្រាប់និស្សិត ក្នុងទីផ្សារមូលបត្រ

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ទីផ្សារមូលបត្រ និងកាលានុវត្តភាពសម្រាប់និស្សិត”តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានឲ្យដឹងថា៖វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពីវិស័យមូលបត្រនៅកម្ពុជា ពាក់ព័ន្ធនឹងឱកាសវិនិយោគ ទីផ្សារការងារ សហគ្រិនភាព និងហិរញ្ញប្បទាន ឬប្រភពទុនតាមរយៈទីផ្សារមូលបត្រសម្រាប់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាធនធានមនុស្សដ៏សំខាន់ និងជាទំពាំងស្នងប្ញស្សីក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលឱ្យកាន់តែមានភាពរីកចម្រើន។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗចំនួន ៦ ផ្នែក គឺផ្នែកទី១៖ “បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា” ផ្នែកទី២៖ “តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីជួញដូរមូលបត្របាន?” ផ្នែក ទី៣៖“មូលដ្ឋានគ្រឹះនៃការវិភាគមុនសម្រេចចិត្តវិនិយោគ” ផ្នែកទី៤៖ “វិធីសាស្រ្តជួញដូរមូលបត្រ”ផ្នែកទី៥៖ “កិច្ចគាំពារ វិនិយោគិនក្នុងវិស័យមូលបត្រ” និងផ្នែកទី៦៖ “កាលានុវត្តភាពសម្រាប់និស្សិតក្នុងទីផ្សារមូលបត្រ”។

វគ្គបណ្តុះបណ្តាលខាងលើនេះ មានអ្នកចូលរួមសរុបចំនួន ១៥៣ នាក់ ដែលជានិសិត្ស និងសាស្រ្តចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសមកពី ន.ម.ក. ក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជា ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរឹធី ភីអិលលស៊ី និងក្រុមហ៊ុនប៊ី ខេបភីថល ភីអិលស៊ី ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner