អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាល និងនាំយកប្រេងសាំង ដើម្បីបូមទឹក សង្រ្គោះស្រូវពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួតជាង ៥០០ហិកតា

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកេវ រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរធនធានទឹក និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកប្រេងសាំង ដើម្បីជួយធ្វើការបូម សង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួតមានជាង ៥០០ហិកតា នៅឃុំស្លា និងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ពិសេសក្នុងបរិបទនៃការរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក៏ពិតមែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែបានណែនាំ និងជំរុញដល់រដ្ឋបាល និងអាជ្ញាធរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានឱ្យមានការយកចិត្តទុកដាក់ឱ្យបានជាប្រចាំ ក្នុងការចុះជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេដូចពេលនេះដែលស្រូវរបស់ពលរដ្ឋកំពុងរងផលប៉ះពាល់ដោយ សារគ្រោះរាំងស្ងួតខ្វះខាតទឹក និងត្រូវការទឹកជាចំបាច់ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវតែបន្តយកចិត្តទុកដាក់សហការគ្នាឱ្យបានជាប្រចាំ ដើម្បីពិនិត្យមើលក្នុងមូលដ្ឋានដែលស្រូវប្រជាពលរដ្ឋកំពុងប្រឈមរងផលប៉ះ ពាល់ខ្វះខាតទឹកដែលបណ្ដាលមកពីការអូសបន្លាយដោយសារទឹកភ្លៀង ហើយត្រូវតែជំរុញការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាពដែលប្រភពទឹកមាននៅក្នុងតំបន់នោះ គឺមិនត្រូវទុកចោលឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាត ដោយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញបានឡើយ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការ ឧបត្ថម្ភនូវប្រេងសាំង ដើម្បីទុកជួយធ្វើការបូមទឹកសង្រ្គោះស្រូវរបស់ពលរដ្ឋនៅឃុំស្លា និងឃុំជើងគួន ចំនួនជាង ១០០០លីត្របន្ថែម ដោយរយៈពេលកន្លងមករដ្ឋបាលខេត្តបានឧបត្ថម្ភប្រេងចំនួន ១៥០០លីត្រដល់ឃុំទាំងពីរនេះ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយបូមទឹក សង្រ្គោះស្រូវ ដែលជួបគ្រោះរាំងស្ថួតផងដែរ។

បើតាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឱ្យដឹងថា ស្រូវវស្សាដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ដោយខ្វះទឹកសម្រាប់ស្រោចស្រពលើស្រែ មានផ្ទៃដីជាង ៥០០ហិកតា ស្ថិតនៅក្នុងឃុំជើងគួន និងឃុំស្លា ហើយ ប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរនេះ គឺពួកគាត់ភាគច្រើនធ្វើដំណាំស្រូវប្រភេទ អ៊ីអ៊ែ និងស្រូវផ្ការំដួល។ ដោយឡែកតាមការបញ្ជាក់ពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា នៅទូទាំងខេត្ត មានដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដែលរងផលប៉ះពាល់ មានចំនួន ៣១៨២ហិកតា ខូចខាត ចំនួន ១១៨ហិកតា សង្រ្គោះបានចំនួន ២៩៧ហិកតា ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner