កាកបាទក្រហមផ្តល់ថវិកាបង្គ្រប់ជំហានទី៣ ធ្វើផ្ទះដល់អតីតយុទ្ធជននៅពោធិ៍សាត់ (Video Inside)
ថវិកាជិត៧០ម៉ឺនដុល្លារអាមេរិក ត្រូវបានកាកបាទក្រហមកម្ពុជាផ្ដល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ ការបន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន៦២៨គ្រួសារនៅខេត្តពោធិ៍សាត់។
ការផ្តល់ថវិកា ចំនួន ៦៩ម៉ឺន៨ពាន់ដុល្លារនៅថ្ងៃសុក្រនេះ គឺជាជំហានទី៣ ដែលជាវគ្គបញ្ចប់ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កាកបាទក្រហមកម្ពុជា កន្លងមកនេះបានផ្ដល់ថវិកា១លាន៥សែនដុល្លារួចមកហើយដល់សមាគមអតីតយុទ្ធជន កម្ពុជា ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា, ក្នុងនោះថវិកា៥០ម៉ឺនដុល្លារនៃជំហានទី១ត្រូវបានផ្តល់ កាល ពីថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ និងថវិកា១លានដុល្លារនៃជំហានទី២ បានផ្តល់នៅថ្ងៃទី៦កក្កដា។
កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំពិធីប្រគល់ផ្ទះចំនួន៣២៨ខ្នងនៃវគ្គបញ្ចប់នេះ នាអំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខនេះ។ ផ្ទះនីមួយៗ ដែលបានសាងសង់ជួនក្រុមគ្រួសារអតីតយុទ្ធជននោះ មានទំហំ ៥ម៉ែត្រ គុណ នឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងSmart Board, ដំបូលស័ង្កសី និងតដំបូលផ្ទះមក ខាងក្រោយធ្វើជាចង្ក្រានបាយ ដែលចំណាយ ថវិកាតម្លៃ ៣ពាន់៥០០ដុល្លារអាមេរិកនៃផ្ទះនីមួយៗ។ ដោយឡែក បង្គន់ អនាម័យដាច់ដោយឡែកនៅ មានតម្លៃ២ ៧០ដុល្លារអាមេរិកថែមទៀត៕