មនុស្ស៣២នាក់រងគ្រោះដោយសារគ្រាប់មីន ក្នុងរយៈពេល៧ខែដើមឆ្នាំ (Video Inside)

មនុស្សយ៉ាងហោចចំនួន៣២នាក់បានស្លាប់ និងរងរបួសនៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០២១នេះ ដោយសារ សំណល់ជាតិផ្ទុះនានាក្នុងប្រទេសកម្ពុជា។ តួលេខរងគ្រោះនេះ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី២៦ សីហារបស់ អាជ្ញាធរមីនកម្ពុជាក្រោយកិច្ចប្រជុំក្រុមការងារបច្ចេកទេសជុំវិញផែនការសកម្មភាពការបោសសំអាត មីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដដែលមិនបានបញ្ជាក់ថាតើក្នុងចំនួនអ្នករងគ្រោះ ៣២នាក់នោះ, តើមានចំនួនស្លាប់និងរបួសប៉ុន្មាននាក់នោះទេ។

សេចក្តីរាយការណ៍បង្ហាញថាការអនុវត្តផែនកការសកម្មភាព៣ឆ្នាំកន្លងមករវាងពី  ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០, កម្ពុជាបានរំដោះផ្ទៃដីចំនួន៤២១គីឡូម៉ែត្រក្រឡាស្មើនឹង៦៦ភាគរយ, រកឃើញនិងកំទេចគ្រាប់មីនប្រឆាំង មនុស្សចំនួន៤ម៉ឺន៩ពាន់២៥៦គ្រាប់, មីនប្រឆាំងរថក្រោះចំនួន៩៥៦គ្រាប់, និងសំណល់ ជាតិផ្ទុះពីសង្គ្រាមចំនួន ២២ម៉ឺន១ពាន់៣៧២គ្រាប់និងការអនុវត្តផែនការនោះ បានជួយដល់ពលរដ្ឋប្រមាណ ២លាននាក់។

សេចក្តីប្រកាសព័ត៌មានបានបង្ហាញនូវឈ្មោះប្រទេស និងអង្គការជាដៃគូដែលបានជួយកម្ពុជា ក្នុងការអនុវត្តសកម្មភាព កំចាត់គ្រាប់មីនក្នុងនោះរួមមានសហរដ្ឋអាមេរិក, ជប៉ុន, អូស្រា្តលី, ចក្រភពអង់គ្លេស, ចិន, អាល្លឺម៉ង់, ស្វីស, សាធារណរដ្ឋកូរ៉េ, នូវែលហ្សឺឡង់, កាណាដា, ន័រវែស, ហុងគ្រី, បារាំង, ឥណ្ឌា, អៀរឡង់, អេស្ប៉ាញ, ស៊ុយអ៊ែត, ប៊ែលហ្សិក, អូទ្រីស, អង្គការUNDP និង អង្គការUNICEF និងដៃគូអភិវឌ្ឍន៍ដទៃទៀត។ កម្ពុជាមានផែនការ បោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner