រយៈពេល៨ខែ រកឃើញស្ថានីយ៍ និងដេប៉ូលក់ប្រេង១៩៧កន្លែង ប្រកបរបរមិនទៀងត្រង់ (Video Inside)

ស្ថានីយនិងដេប៉ូលក់ប្រេងយ៉ាងហោចចំនួន១៩៧កន្លែង ដែលប្រកបអាជីវកម្មមិនសុចរិត ត្រូវបានមន្រ្តីជំនាញ រកឃើញក្នុងរយៈពេលជិត៨ខែដើមឆ្នាំនេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែងនិងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន បានបញ្ជាក់នៅថ្ងៃសុក្រនេះថាការរកឃើញ កន្លែងមិនសុចរិតទាំងនោះ គឺស្ថិតក្នុងចំណោមការចុះត្រួតពិនិត្យស្ថានីយនិងដេប៉ូលក់ប្រេងសារុបចំនួន៤៤៧ កន្លែង។ មន្ត្រីជំនាញបានថ្លែងថាស្ថានីយ៍និងដេប៉ូចំនួន១៨៤កន្លែង ត្រូវបានគេអនុវត្តវិធានការពិន័យអន្តរការណ៍ ទៅតាមប្រភេទបទល្មើស, ចំណែកដេប៉ូចំនួន១៣កន្លែងផ្សេងទៀត ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ និង ធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពមិនទៀងត្រង់ទាំងនោះ។

យោងតាមច្បាប់ បើសិនស្ថានីយ៍ឬដេប៉ូណានៅតែបន្តប្រព្រឹត្តល្មើស, សមត្ថកិច្ចនឹងត្រូវព្យួរឬដកហូត ឬលុប ចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ។ ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ គេត្រូវកសាងសំណុំរឿងនៃបទល្មើសបញ្ជូនទៅតុលាការមានសមត្ថកិច្ច។ ទោះជាយ៉ាងណាក៏ដោយក្នុងឆ្នាំ ២០២១នេះ គេពុំទាន់ឃើញមានម្ចាស់ស្ថានីយ ឬដេប៉ូណាមួយ ត្រូវបានគេកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅឡើយទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner