រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ជាបណ្តោះអាសន្ន មុននឹងទៅកាន់ប្រទេសទី៣

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះ។

ការយល់ព្រមទទួលយកជនភៀសខ្លួនក្នុងគោលការណ៍មនុស្សធម៌ ដើម្បីស្នាក់នៅកម្ពុជាបណ្តោះអាសន្ននេះ ធ្វើឡើងតាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជា មកកាន់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។

អង្គការ The Asia Foundation បានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា «ដោយផ្អែកលើគោលការណ៍មនុស្សធម៌ មេត្តាពិនិត្យនូវលទ្ធភាពផ្តល់ទិដ្ឋាការ ចូលព្រះរាជាណាចក្រកម្ពុជាដល់បុគ្គលិកអង្គការ The Asia Foundation ប្រចាំប្រទេសអាហ្វហ្កានីស្ថាន ដែលជាពលរដ្ឋអាហ្វហ្កានីស្ថាន និងក្រុមគ្រួសារ សម្រាប់រយៈពេលជាបណ្តោះអាសន្នក្នុងអំឡុងពេល ដែលពាក្យស្នើសុំជាជនភៀសខ្លួនកំពុងតែដំណើរការ»។

ពាក់ព័ន្ធនឹងសំណើខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច៖

១៖ ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី៣០០នាក់

២៖ ផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង

៣៖ លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជា ដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា (ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាដើម) ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅពេលពួកគេចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជា បាននឹងកំពុងពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជាបន្តទៀត៕
(ប្រភព៖Fresh News)

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner