អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមបណ្តាស្រុកភាគខាងលិចជាប់ព្រំដែនថៃ និងដាស់តឿនដល់មេឃុំនិងរដ្ឋបាលស្រុកត្រូវយកចិត្តទុកដាក់ជំរុញនិងពន្លឿនការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្កួនឲ្យបានគ្រប់ៗគ្នា
ប្រតិភូក្រុមការងារខេត្តមួយក្រុម ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងកូវីដ-19ខេត្តបានចុះត្រួតពិនិត្យនិងស្វែងយល់ពីការចាក់វ៉ាក់សាំងនៅតាមបណ្តាស្រុកមួយចំនួនភាគខាងលិចខេត្តរួមមាន៖ ស្រុកថ្មគោល, ស្រុកបវេល, ស្រុកសំពៅលូន, ស្រុកភ្នំព្រឹក និងស្រុកកំរៀង ក្នុងខេត្តរបស់ខ្លួន នៅចុងសប្តាហ៍ថ្មីៗនេះ។
ការចុះត្រួតពិនិត្យតាមទីតាំងការចាក់វ៉ាក់សាំងខាងលើគឺធ្វើឡើងបន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានដាក់ចេញនូវវិធានការជំរុញឲ្យគណៈកម្មាធិការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំង នុងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19ទាំងថ្នាក់ជាតិនិងទាំងថ្នាក់ក្រោមជាតិ ត្រូវត្រួតពិនិត្យឡើងវិញពីភាពយឺតយ៉ាវនិងភាពអសកម្មមួយចំនួននៅក្នុងមូលដ្ឋានខ្លួនដែលបានធ្វើឲ្យការផ្តល់ និងការចាក់វ៉ាក់សាំងមួយរយៈកន្លងមកនេះ ហាក់មានភាពយឺតយ៉ាវនិងមិនសូវរលូននៅតាមបណ្តាខេត្តមួយចំនួន ដែលតួលេខអ្នកចាក់វ៉ាក់សាំងនៅមិនទាន់ឆ្លើយតបទៅនិងផែនការប្រយុទ្ធប្រឆាំងកូវីដ-19 របស់ រាជរដ្ឋាភិបាលនៅឡើយ។
ដោយឡែក សម្រាប់ខេត្តបាត់ដំបង ការផ្តល់និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅរហូតមកដល់ពេលនេះនិងតាមការគូសបញ្ជាក់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ ជិត៥០ម៉ឺននាក់ហើយ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ខណៈដែលអាជ្ញាធរ បាននិងកំពុងតែពង្រីកនូវយន្តការសរុបក្នុងកិច្ចសហការរួមបញ្ចូលគ្នាជាមួយក្រុមគ្រូពេទ្យនៅតាមបណ្តាស្រុក-ក្រុងរួមទាំងក្រុមគ្រូពេទ្យនៃអង្គភាពចំណុះយោធភូមិភាគទី៥ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករងខេត្ត-ស្រុក និងកម្លាំងចូលរួមពីក្រុមយុវជនស.ស.យ.ក ក្នុងស្រុកគោលដៅរបស់ខ្លួន បានដំណើរការនិងកំពុងធ្វើការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងកុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម ១៨ឆ្នាំ សរុបប្រមាណជាង១៨ម៉ឺននាក់ នៅតាមបណ្ដាក្រុង-ស្រុកទាំង១៤ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដោយមិនទាន់គិតពីកុមារនិងយុវវ័យ(នៅក្រៅប្រព័ន្ធ)។ មកដល់ពេលនេះ កុមារនិងយុវវ័យ ចាក់វ៉ាក់សាំងបានប្រមាណជាង០៣ម៉ឺននាក់ហើយ ក្នុងនោះការចាក់វ៉ាក់សាំង”ដូសជម្រុញលើកទី៣”ជូនដលកងកម្លាំង ក្រុមគ្រូពេទ្យមន្ត្រីសុខាភិបាល និង មន្ត្រីរាជការជួរមុខ សរុបប្រមាណ១៥ពាន់២២៧ដូស/នាក់នៃចំនួនវ៉ាក់សាំងដែលទទួលបាន ប្រមាណជាង ០២ម៉ឺនដូស ( Astrazenica) ដូសជំរុញ។
ក្នុងការចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតាមស្រុកទាំង៥ខាងលើនេះ ឯកឧត្តម ងួន រតនៈ បានធ្វើការណែនាំជំរុញឲ្យអាជ្ញាធរនៃរដ្ឋបាលស្រុកនីមូយៗនិងអស់លោកមេឃុំ តាមស្រុកគោលដៅទាំងអស់ ត្រូវចុះផ្សព្វផ្សាយ និងចុះស្រង់ស្ថិតិប្រជាជនដែលមិនទាន់បានចាក់ត្រូវលើកទឹកចិត្តឲ្យគាត់មកទទួលការចាក់វ៉ាក់សាំង តាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា ចៀសវាងគាត់មិនបានដឹង និងមិនបានចាក់។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនិងក្រុមគ្រូពេទ្យតាមគោលដៅចាក់វ៉ាក់សាំងតាមបណ្តាស្រុកដោយបានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន កាលពីពេលថ្មីៗនេះថា៖ចាប់ពីពេលនេះទៅ មិនត្រូវទុកវ៉ាក់សាំង ឲ្យដេកក្នុងឃ្លាំងនោះទេ?ត្រូវតែបញ្ចេញវ៉ាក់សាំងពីឃ្លាំងទៅចាក់ឲ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ចៀសវាងលេចឡើងនូវភាពអសកម្មណាមួយដែលយឺតយ៉ាវក្នុងការផ្តល់និងខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ត្រូវតែយកចិត្តទុកដាក់ក្នុងការឆ្លើយតបឲ្យបានពីគោលនយោបាយជាតិ ក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ តាមគោលការណ៍ស្ម័គ្រចិត្តនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបានចាក់គ្រប់ៗគ្នា។
ក្នុងការចុះពិនិត្យមើលពីការចាក់វ៉ាក់សាំងនៅតាមបណ្តាស្រុកខាងលើ ក្នុងនោះឯកឧត្តម អ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកនូវអំណោយមួយចំនួន របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នូវគ្រឿងភេសជ្ជៈ ទឹកក្រូច ទឹកសុទ្ធ មីម៉ាស់និងអាលកុលមួយចំនួន ដល់ក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យបង្អែកស្រុកខាងលើ និង អង្គភាពក្រុមគ្រូពេទ្យចំណុះយោធភូមិភាគទី៥ និងក្រុមគ្រូពេទ្យនៃស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងប្រតិបត្តិការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនីតាមបណ្តាស្រុកទាំងនេះទៀតផង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )