សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅឃុំមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានការចាក់វ៉ាក់ សាំងលេខរៀងទី៩លាន
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។
សម្ដេចតេជោ បានបន្តថា មកទល់ពេលនេះ កម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូន
កុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន ១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុប យើងចាក់បានលើស១០លាននាក់ដែលប្រមាណ ៦៥ភាគរយ នៃប្រជាជនសរុប១៦លាននាក់។
សម្ដេចកីសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។
សម្ដេចថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។
សម្ដេចតេជោ ក៏បានជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕ ដោយ
វណ្ណលុក