ក្រសួងបរិស្ថានប្រគល់ឡដុតសម្រាប់ប្រើកម្ទេចសំរាមតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក

រាជធានីភ្នំពេញ៖ឡដុតសំណល់រឹងសំរាមចំនួន ៥០ ត្រូវបានក្រសួងបរិស្ថានប្រើបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) សម្រាប់ប្រើដុតកម្ទេចសំណល់ វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក។ឡដុតសំរាមទាំងនេះគឺជាផ្នែកមួយនៃជំនួយបន្ថែមទៀត សម្រាប់ប្រើដុតសំរាមដែលមានស្រាប់ នៅតាមមន្ទីរពេទ្យនិងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការថ្លែងឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ។
បញ្ជាក់នៅក្នុងពេលដែលចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹង សំរាមមួយកន្លែងស្ថិតនៅភូមិតំណាក់ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងថាការគ្រប់គ្រង និងវេច ខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើររួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង ២៥ ខេត្តរាជធានី សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែ ចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថានៅតាម បណ្តាខេត្តមួយចំនួនដូចជាសៀមរាប មណ្ឌលគិរី បាត់ ដំបងជាដើមបានប្រើប្រាស់ឡដុតសំណល់រឹងសំរាម ដែលមានបច្ចេកវិទ្យាខ្ពស់ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។

បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថានតាមរយៈមន្ទីរបរិស្ថានបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស លើការងារគ្រប់គ្រង សំណល់រឹងសំរាមដែល ចេញពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ។

រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងដោយបញ្ជាក់ថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
ឯកឧត្តមមានប្រសាសន៍ថា«ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម។ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោនដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨ភាគរយ សំណល់ប្លាស្ទិកប្រមាណជាង ២០ភាគរយ និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០ភាគរយ”។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ថែមពីការបំពាក់ឡដុតសំណល់រឹងសំរាម ក្រសួងបរិស្ថានក៏បានផ្តល់នូវមធ្យោបាយនិងសម្ភារមួយចំនួនដល់រដ្ឋបាលខេត្ត ក្នុងនោះរួមមាន ១)រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង-ស្រុក)។ ២)ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក)។ ៣) គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ។ ៤) ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨។ ៥) ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន។ ៦) ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន។ ៧) កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០)។ ៨) វគ្គបណ្តុះបណ្តាល ចំនួន៣វគ្គ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានអះអាងថា ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីមូលដ្ឋានដោយ៖ ១) ផ្តល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី។ ២)ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី ឱ្យមានប្រសិទ្ធភាពខ្ពស់។ ៣) លើកកម្ពស់គុណភាពបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប្រកបដោយនិរន្តរភាព។

ដោយឡែកឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត កែប បានថ្លែង ឡដុតសំណល់រឹងសំរាមដែលនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ២ សបា្តហ៍ទៀតនេះនឹងត្រូវប្រើប្រាស់ដើម្បីដុតកម្ទេចសំណល់ផ្សេងៗមកពីមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ជាពិសេសវេជ្ជសាស្ត្រនឹងត្រូវយកមកដុតកម្ទេចនៅក្នុងឡនេះដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់នូវសំណល់គ្រោះថ្នាក់នេះ។
ជាមួយគ្នា នេះ ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងថា ការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនាំមកនូវបរិស្ថានស្អាត ខ្យល់បរិសុទ្ធ និងសុខភាពល្អ ។
គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ និងបង្ការការឆ្លង រដ្ឋបាលរាជធានីបានណែនាំឲ្យអ្នកជំងឺត្រូវដាក់សម្រាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល។ រដ្ឋបាលរាជធានីបន្តថាត្រូវបាញ់ថ្នាំ ឬអាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសម្រាមទាំងក្នុង និងក្រៅស្បោង ហើយទុកសម្រាមដោយឡែកប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ។ រដ្ឋបាលរាជធានីបានស្នើដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបារយៈពេល ៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសម្រាប់ជារៀងរាល់ថ្ងៃ។ រដ្ឋបាលរាជធានីបានព្រមានថាក្នុងករណីមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រាទី ០៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាតការឆ្លងរាលដាលជំងឺកូវីដ-១៩៕ដោយ៖ម៉ាដេប៉ូ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner