កម្លាំងសមត្ថកិច្ចចុះរឹតបន្តឹង និងអនុវត្តវិធានការក្តៅ ទៅលើជនល្មើសបម្រាមគោចរក្នុងក្រុង ខណៈកំពុងបិទខ្ទប់ ដើម្បីការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋ បញ្ជៀសពីការឆ្លងរាលដាលកាន់តែខ្លាំងក្នុងសហគមន៍ គ្រាដែលមេរោគបំប្លែងថ្មី បាននឹងកំពុងផ្ទុះឡើងក្រុងស្ទឹងត្រែង
ក្នុងរយៈពេលជិតពីរសប្តាហ៍ ក្នុងការបិទខ្ទប់ក្រុងស្ទឹងត្រែង បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញបានរកឃើញនៃការផ្ទុះឡើងនូវប្រភេទជំងឺបំម្លែងខ្លួនថ្មីដែលតា(Delta)នោះ អាជ្ញាធរ ក៏បានអនុវត្តវិធានការបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាពអាយុជីវិតជូនប្រជាពលរដ្ឋ ក្នុងការបញ្ចៀសពីការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មីនេះ ចូលក្នុងសហគមន៍ ជាពិសេសវិធានការបិទខ្ទប់នេះគឺដើម្បីសម្រួលដល់ក្រុមគ្រូពេទ្យជំនាញ ងាយស្រួលក្នុងការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងអ្នកផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មី ដើម្បីយកមកព្យាបាល ក្នុងន័យទប់ស្កាត់កុំឲ្យឆ្លងរាលដាលបន្តទៀត ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តនូវវិធានការក្តៅដោយធ្វើការផាកពិន័យនិងអប់រំណែនាំទៅដល់ជនដែលល្មើសនិងបម្រាមគោចរ ក៏ដូចជាមិនអនុវត្តតាមវិធានការសិខាភិបាលដើម្បីបញ្ជៀសបានពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ។
ក្នុងសកម្មភាពចុះអនុវត្តនូវវិធានការនោះ អាជ្ញាធរបានអនុវត្ត និងសំដៅលើការល្មើសបម្រាមគោចរ និងការមិនអនុវត្តនូវវិធានការរបស់សុខាភិបាល ។ ក្នុងនោះក៏មានការលើកលែងលើករណីមួយចំនួនផងដែរ ដោយប្រជាពលរដ្ឋមានករណីចាំបាច់ តែក៏ត្រូវអនុវត្តក្នុងលក្ខ័ណរបស់ក្រសួងសុខាភិបាលផងដែរ ។
អាជ្ញាធរមានសមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថាៈការចុះអនុវត្តនិងរឹតបន្តឹងស្តីពីការអនុវត្តនូវវិធានការក្រសួងសុខាភិបាលក្នុងគ្រាបិទខ្ទប់ក្រុងស្ទឹងត្រែងនេះ គឺចង់ដាស់តឿនស្មារតីរបស់បងប្អូនប្រជាពលរដ្ឋ កុំឲ្យភ្លេចខ្លួនក្នុងការការពារអាយុជីវិតដើម្បីជៀសផុតពីការឆ្លងរាលដាលនូវជំងឺដ៏កាចសាហាវប្រភេទ(ដែលតា)បំប្លែងថ្មី ខណៈជំងឺប្រភេទនេះ កំពុងផ្ទុះរាលដាលក្នុងសហគមន៍ខេត្តស្ទឹងត្រែង ធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភ ។
ស្ថិតក្នុងប្រតិបត្តិការចុះអនុវត្តន៍រឹតបន្តឹង និងណែនាំដល់ប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមគោចរនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការអប់រំណែនាំបញ្ជាក់បន្ថែមទៅកាន់ប្រជាពលរដ្ឋក្នុងគ្រានោះថាៈដោយយោងតាមការឯកភាពពីគណៈបញ្ជាការឯកភាពខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធានបានចង្អុលបង្ហាញ ដោយត្រូវអនុគ្រោះមិនធ្វើការផាកពិន័យទៅលើបងប្អូនប្រជាពរដ្ឋនោះទេ គ្រាន់តែអប់រំ និងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថាៈក្នុងប្រតិបត្តិការចុះអនុវត្តន៍រឹតបន្តឹងនូវវិធានការសុខាភិបាលកម្លាំងសមត្ថកិច្ចបានធ្វើការផាកពិន័យទៅលើជនដែលល្មើស នឹងបម្រាមដូចជាមិនពាក់ម៉ាស់ និងល្មើសបម្រាមគោចរ ដោយធ្វើដំណើរចេញក្រៅផ្ទះ ដោយគ្មានភារកិច្ច មានការប្រមូលផ្តុំគ្នា នោះសមត្ថកិច្ចនឹងធ្វើការផាកពិន័យដូចជាៈមិនពាក់ម៉ាស់ត្រូវផាកពិន័យជាទឹកប្រាក់ចំនួន២០ម៉ឺនរៀល ឬក្នុងករណីណាមួយនោះ គឺត្រូវផាកពិន័យពី១លាន ទៅ៥លានរៀល តាមបទល្មើសជាក់ស្ដែង ។
សូមបញ្ជាក់ថា ការរីករាលដាលនៃមេរោញបំម្លែងថ្មីបានផ្ទុះឡើងខ្លាំងរហូតមានអ្នកជំងឺផ្ទុកសរុបចំនួន៩៥នាក់ស្រី៥២នាក់បើគិតត្រឹមល្ងាចថ្ងៃទី២៨ ខែសីហាឆ្នាំ២០២១ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២នាក់ផងដែរ ៕ម៉ា វិន