រដ្ឋមន្ត្រីការបរទេសចិនប្រាប់អ្នកការទូតកំពូលអាមេរិកថាពិភពលោកត្រូវតែធ្វើការ «ណែនាំវិជ្ជមាន» ជូនតាលីបង់

ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ទី​ប្រឹក្សា​រដ្ឋ​ចិន​ និង​រដ្ឋមន្ត្រី​ការបរទេស​លោក​វ៉ាង យី​បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន​ថា​សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើ​ទំនាក់ទំនង​ជា​មួយ​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ធ្វើ​ការ​ «ណែនាំ​វិជ្ជមាន​»​ ជូន​ក្រុម​តាលីបង់​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ចិន​។

បើ​តាម​សេចក្ដីថ្លែងការណ៍​នេះ​លោក​វ៉ាង​បាន​និយាយ​ថា​វ៉ាស៊ីនតោន​គួរ​ធ្វើ​ការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច និង​មនុស្សធម៌​ដល់​អាហ្វហ្គានីស្ថាន​ ជួយ​ឱ្យ​របប​ថ្មី​ដំណើរការ​មុខងារ​រដ្ឋាភិបាល​ជា​ធម្មតា រក្សា​ស្ថិរភាព​សង្គម និង​បញ្ឈប់​ធ្លាក់​តម្លៃ​រូបិយប័ណ្ណ និង​ការ​កើន​ឡើង​តម្លៃ​នៃ​ការ​ចំណាយ​រស់នៅ​។

«ដោយ​គោរព​អធិបតេយ្យភាព​អាហ្វហ្គានីស្ថាន អាមេរិក​គួរ​តែ​ចាត់​វិធាន​ការ​ជាក់​ស្តែង​ដើម្បី​ជួយ​អាហ្វហ្គានីស្ថាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​និង​បញ្ឈប់​អំពើ​ហិង្សា ជាជាង​ការ​អនុវត្ត​គោលការណ៍​ផ្ទុយ​គ្នា​ ឬ​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​ដោយ​ជ្រើសរើស​» លោក​វ៉ាង​បាន​និយាយ​បែប​នេះ​ ហើយ​ព្រមាន​ថា «ការ​ដក​ថយ​យ៉ាង​លឿន» អាច​អនុញ្ញាត​ឱ្យ​ក្រុម​ភេរវករ «ប្រមូល​ផ្តុំ​គ្នា ហើយ​ត្រលប់​មក​វិញ​កាន់​តែ​ខ្លាំង​»​។

ប្រទេស​ចិន​មិន​ទាន់​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​តាលីបង់​ជា​មេដឹកនាំ​ថ្មី​របស់​អាហ្វហ្គានីស្ថាន ប៉ុន្តែ​កាល​ពី​ខែ​មុន​លោក​វ៉ាង​បាន​ធ្វើ​ការ​ជួប​ប្រជុំ​ជា​មួយ​មេដឹកនាំ​នយោបាយ​របស់​ក្រុម​នេះ​នៅ​ក្នុង​ទឹកដី​ចិន​ ហើយ​បាន​និយាយ​ថា​ពិភពលោក​គួរ​តែ​ណែនាំ និង​គាំទ្រ​ប្រទេស​នេះ​នៅ​ពេល​ដែល​ផ្លាស់​ប្តូរ​ទៅ​រដ្ឋាភិបាល​ថ្មី ជាជាង​ការ​ដាក់​សម្ពាធ​បន្ថែម​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner