អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើពួកហាម៉ាសនៅតំបន់ហ្គាហ្សាជុំវិញការបង្ហោះប៉េងប៉ោងផ្ទុកគ្រាប់

យេរ៉ូសាឡឹម៖ យោធា​អ៊ីស្រាអែល​​និយាយ​ថា​ យន្តហោះ​ចម្បាំងរបស់ខ្លួន​បាន​វាយ​ប្រហារ​លើ​ទីតាំង​​របស់​ពួក​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​​បង្ហោះប៉េ​ង​ប៉ោង​ផ្ទុក​គ្រាប់​បែក​ ឬ​ដែល​អាច​បង្ក​ជា​អគ្គីភ័យ​​​ចេញ​ពី​តំបន់​ប៉ាឡេស្ទីន​ ខណៈ​ភាព​តាន​តឹង​នៃ​អំពើ​ហឹង្សា​តាម​ព្រំដែន​ថ្មី​ៗ​នេះ​​ កំពុង​ដាក់​សម្ពាធ​លើកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​​ដែល​បានប​ញ្ចប់​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កាល​ពី​ខែ​ឧសភា​។​

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​ជន​ជាតិប៉ា​ឡេស្ទីន​ដែល​ស្ថិតក្រោ​មកា​រ​គ្រប់​គ្រង​របស់​ក្រុម​ប្រដាប់​អាវុធ​អ៊ិស្លាម​ហាម៉ាស​ ​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ពួក​គេ​បាន​បន្ត​ការ​តវ៉ា​នៅ​តាម​ព្រំដែន​អ៊ីស្រាអែល​-​ហ្គាហ្សា​ក្នុង​គោល​បំណង​ដាក់​សម្ពាធ​អ៊ីស្រាអែល​ដើម្បី​បន្ធូរ​បន្ថយកា​រ​រឹត​ត្បិត​។​

យោធា​អ៊ីស្រាអែល​​និយាយ​ថា​ ជន​ជាតិ​ប៉ាឡេស្ទីន​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ព្រំដែន​នាពេល​យប់​ដោយ​បំផ្ទុះ​គ្រឿង​ផ្ទុះ​ និង​ដុត​កង់​ឡាន​ ហើយ​ថា​ខ្លួន​បាន​ឆ្លើយ​តប​តាម​ «​មធ្យោបាយ​បំបែក​កុបកម្ម​»​។​ បើ​តាម​ក្រុម​គ្រូពេទ្យ​នៅ​តំបន់​ហ្កាហ្សា​ យ៉ាង​ហោច​ណាស់​ជន​ជាតិ​ប៉ាឡេស្ទីន​ចំនួន​ ៦ ​នាក់​​បាន​រង​របួស ​និង​ធ្ងន់ធ្ងរ​ម្នាក់​។​

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​ការ​វាយ​ប្រហារ​តាម​អាកាស​​របស់​អ៊ីស្រាអែល​បាន​កំណត់​គោលដៅ​លើ​កន្លែង​ផលិត​អាវុធ​ហាម៉ាស​ និង​ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​ខ្លួន​​និយាយ​​ថា​ ពួក​សកម្ម​ប្រយុទ្ធ​បាន​ប្រើ​បន្ទាប់​ពី​បង្ហោះ​ប៉េង​ប៉ោង​។​ យ៉ាង​ណា​មិញ​ មិន​មាន​ករណី​ស្លាប់​ណា​មួយ​ត្រូវ​បាន​គេ​រាយការណ៍​មក​ទេ​។​

ភាព​តាន​តឹង​នៃ​ជម្លោះ​នេះ​បន្ត​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណេះ​ ក្រោយ​សង្រ្គាម​​១១​ ថ្ងៃ​ដែល​សម្លាប់​​ជន​ជាតិ​ប៉ាឡេស្ទីន​ ២៥៦ ​នាក់​ និង​អ៊ីស្រាអែល ​១៣ ​បាន​បញ្ចប់​ដោយ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​គ្នា​កាល​ពី​ខែ​​ឧសភា​​ក្រោម​ការ​សម្រប​សម្រួល​របស់​អេហ្ស៊ីប​។ ​អំពើ​ហឹង្សា​ថ្មី​ៗ​នេះ​​កើន​ឡើង​ បើ​ទោះ​បី​ជា​​អ៊ីស្រាអែល​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​​ ឱ្យ​​បន្ត​ទទួល​ជំនួយ​ពី​កាតា​ទៅ​ហ្គាហ្សា​ក្ដី​​​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner