ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ប្រមាណ៥៦៩លានដុល្លារ ធ្លាក់ចុះ៣២% នៅរយៈពេល៧ខែ ឆ្នាំ២០២១ (Video Inside)

Video: https://fb.watch/7JCVWZD4ku/

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបង្ហាញថា រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥៦៩លានដុល្លារ ធ្លាក់ចុះ៣២ភាគរយ ខណៈដែលការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់៤.០៥ប៊ីលានដុល្លារ។

បើតាមរបាយការណ៍ដដែលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ៤.៦១ប៊ីលានដុល្លារ កើនឡើង១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន៤.៥៦ប៊ីលានដុល្លារ។ ផលិតផលភាគច្រើន ដែលកម្ពុជាបាននាំទៅកាន់ថៃ គឺជាប្រភេទកសិផល (ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់) សំណល់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារឹម។ ដោយឡែកចំពោះទំទិញនាំចូលវិញរួមមាន៖ ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតផលសម្រេច ដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃឆ្នាំ២០២០ សម្រេចបានទឹកប្រាក់៧.២ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក។ ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ៤៩% បើធៀបនឹងឆ្នាំ២០១៩ មានតម្លៃ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ១៥% បើធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner