ភ្លៀងបន្តធ្លាក់ច្រើនមួយសប្តាហ៍ទៅមុខទៀតនេះ (Video Inside)
ភ្លៀងក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នឹងបន្ដធ្លាក់ច្រើនថែមទៀត ខណៈកម្ពុជាទទួលរងនូវឥទ្ធិពលជ្រលង សម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាប។ ដោយឡែករវាងពីថ្ងៃទី២ដល់ទី៤ និងថ្ងៃទី៧ កញ្ញាកម្ពុជានឹងបន្ថែមដោយឥទ្ធិពលខ្យល់សមុទ្រ Breeze ថែមទៀត។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម, ឥទ្ធិពលនោះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន, លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ភូមិសាស្ត្រមួយចំនួនក្នុងតំបន់វាលទំនាបកណ្តាល នឹងមានជំនន់ទឹកភ្លៀងកើតឡើង ។
ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកតំបន់មាត់សមុទ្រនោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ក្នុងផ្ទៃសមុទ្រនោះវិញ ជាពិសេសក្បែរបណ្ដាកោះ, រលកសមុទ្រនឹងអាចកើតមានឡើង ក្នុងកម្រិតមធ្យម ។
ការព្យាករណ៍សីតុណ្ហភាពកម្ដៅអតិបរមាក្នុងសប្ដាហ៍ទៅមុខទៀតនេះ នឹងមានរវាងពី២៩ ទៅ៣៤អង្សាសេ។ ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ប្រជាពលរដ្ឋត្រូវបង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលនឹងអាចកើតឡើងជាយថាហេតុ ៕