ក្រសួងបរិស្ថាន រៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ ចាប់ផ្តើមប្រកួតវគ្គដំបូង
ក្រសួងបរិស្ថានបានរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ វិទ្យាល័យចំនួន ៨ ត្រូវបានជ្រើសរើស ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាពដែលខ្លួនបានខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកចំណេះដឹង និងអំណះអំណាងនានាជុំវិញប្រធានបទនានាទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជំរុញឲ្យយុវជនចូលរួមបន្ថែមទៀត ក្នុងការផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់សាធារណជនឲ្យបានទូលំទូលាយ។
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ វគ្គប្រកួតដំបូង រៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។ លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថានបានបង្កើត គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុសម្រាប់វេទិកា និងបានជ្រើសរើសវិទ្យាល័យចំនួន៨ និងយុវសិស្ស សរុបចំនួន ៥៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១។ លោកស្រី បានលើកទឹកចិត្តយុវសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ និងប្រឹងប្រែង សិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងចូលរួមផ្សព្វផ្សាយការគ្រប់គ្រងបរិស្ថាន ដើម្បីការរស់នៅដោយចីរភាព។
សូមបញ្ជាក់ថា វិទ្យាល័យទាំង៨ ដែលបានជ្រើសរើស នឹងត្រូវជួបគ្នាក្នុងវគ្គប្រកួតដំបូងនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១រួមមាន៖
១) វិទ្យាល័យច្បារអំពៅ (ក្រុមគាំទ្រ) ប្រកួតជាមួយ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (ក្រុមបដិសេធ) លើប្រធានបទ ការប្រើប្រាស់ថង់ប្លាស្ទិកពិតជាផ្ដល់ភាពងាយស្រួលក្នុងជីវភាពរស់នៅ។
២) វិទ្យាល័យវត្តកោះ (ក្រុមគាំទ្រ) ប្រកួតជាមួយ វិទ្យាល័យឬស្សីកែវ (ក្រុមបដិសែធ) លើប្រធានបទ ការបង្កើនតំបន់ការពារធម្មជាតិគឺជាយន្តការដ៏ប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។
៣) វិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នង (ក្រុមគាំទ្រ) ប្រកួតជាមួយ វិទ្យាល័យជាស៊ីមសាមគ្គី (ក្រុមបដិសេធ)លើប្រធានបទ ការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ នាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
៤) វិទ្យាល័យហ៊ុនសែនចាក់អង្រែ (ក្រុមគាំទ្រ) ប្រកួតជាមួយវិទ្យាល័យជាស៊ីមសន្ធរមុខ (ក្រុមបដិសេធ) លើប្រធានបទ ការអប់រំបរិស្ថានជាយន្តការចាំបាច់បំផុត សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ ដោយ / គ្រី សម្បត្តិ