តាលីបង់៖ ការបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ
កាប៊ុល៖ ក្រុមតាលីបង់បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន គឺកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ ខណៈដែលអាមេរិកបានដកកងកម្លាំងចុងក្រោយចេញពីប្រទេសនេះ។
មេដឹកនាំជាន់ខ្ពស់តាលីបង់លោក Anas Haqqani បានប្រាប់សារព័ត៌មាន Al Jazeera ថា រដ្ឋាភិបាលថ្មីនឹងចេញជារូបរាងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ហើយថា វាដូចជាលឿនពេកក្នុងការនិយាយថា អ្នកណាខ្លះនឹងក្លាយជាសមាជិកនៃគណៈរដ្ឋមន្ត្រីថ្មីនេះ។ លោក Haqqani បានអះអាងថា យើងបានសម្រេចប្រហែល ៩០ ទៅ ៩៥ភាគរយ ហើយយើងនឹងប្រកាសលទ្ធផលចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខនេះ។
សូមរំលឹកផងដែរថា ជើងហោះហើរចុងក្រោយរបស់យោធាអាមេរិក បានចេញពីអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គឺមួយថ្ងៃមុនពេលកំណត់។ ការចាកចេញរបស់សហរដ្ឋអាមេរិកពីអាហ្វហ្គានីស្ថាននេះ ត្រូវបានក្រុមតាលីបង់ចាត់ទុកជាជ័យជម្នះដ៏ធំធេងសម្រាប់ក្រុមរបស់ខ្លួន និង អាហ្វហ្គានីស្ថានទាំងមូល៕ ប្រភព៖ Al-jazeera