លោក ចូ បៃដិន ហៅការដកទ័ពចេញពីអាហ្វហ្គានីស្ថានថា ជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិក
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្កើនការការពារចំពោះផែនការចាកចេញរបស់គាត់ពីអាហ្វហ្គានីស្ថានថា ជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីការដកទ័ពអាមេរិកចេញត្រូវបានអបអរសាទរដោយក្រុមតាលីបង់ថា ជាជ័យជម្នះដ៏ធំ។
លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិពីរដ្ឋធានីវ៉ាស៊ីនតោនថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ… នេះជាការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយនេះជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកបានប្រកាន់ខ្ជាប់នូវកាលផុតកំណត់ទី៣១ ខែសីហា ដើម្បីបញ្ចប់ការបង្ហូរឈាមពីរទសវត្សរ៍។
ប្រធានាធិបតីអាមេរិករូបនេះបន្តថា ការហោះហើរជម្លៀសដ៏ស្វិតស្វាញដែលបានឃើញសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដឹកមនុស្សជាង១២ម៉ឺននាក់ដែលគេចចេញពីរបបដឹកនាំតាលីបង់ថ្មីនៅអាហ្វហ្គានីស្ថាន គឺជាជោគជ័យដ៏អស្ចារ្យ ហើយថា គ្មានប្រទេសណាមួយបានធ្វើរឿងដូចនេះនៅក្នុងប្រវត្តិសាស្ត្រនោះឡើយ គឺមានតែសហរដ្ឋអាមេរិកតែមួយគត់ដែលមានសមត្ថភាព និងឆន្ទៈ ព្រមទាំងលទ្ធភាពដើម្បីធ្វើរឿងនេះ៕ ប្រភព៖ CNA