ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញប្រគល់អំណោយជាថវិកាចំនួន៣ពាន់ដុល្លារ អង្ករជាង ១៤តោន អាវភ្លៀង រួមទាំងអំណោយផ្សេងៗមួយចំនួនទៀត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។
នៅក្នុងពិធីនេះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ការលះបង់ដ៏ធំធេងរបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសកម្លាំងដែលបានការពារតាមគោលដៅបិទខ្ទប់ គោលដៅព្យាបាល គោលដៅចត្តាឡីស័ក ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ-១៩៕
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ជំនួសមុខឱ្យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសេចក្ដីសោមនស្សរីករាយ ឥតឧបមាចំពោះសន្ដានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកាចំនួន ៣,០០០ (បីពាន់) ដុល្លារ អង្ករចំនួន ១៤.៥ តោន ត្រីខកំប៉ុងចំនួន ២០០ (ពីររយ) កេស អាវភ្លៀងចំនួន ១,០០០ (មួយពាន់) អាវ ភេសជ្ជៈកូកាកូឡាចំនួន ២០០ (ពីររយ) កេស ទឹកសម្លាប់មេរោគចំនួន ២ (ពីរ) ធុង និងវីតាមីនC ចំនួន ៥ (ប្រាំ) កេស សម្រាប់ ប្រើប្រាស់ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា កាយវិការដ៏ឧត្ដុងឧត្ដមនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមកៀរគរ សប្បុរសជន ជួយបំពេញរខ្វះខាតរបស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក្នុងនាមកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន សូមឱ្យមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន៕
ដោយៈ ពលជ័យ