កូនសត្វកុកពាក់អំបោះចំនួន ៤ក្បាល ត្រូវបានជួយសង្រ្គោះនៅស្រុកសេសាន ខេត្តស្ទឹ្ងងត្រែង
រាជធានីភ្នំពេញ៖ កូនសត្វកុកសឫសត្វកសចំនួន ៤ក្បាលត្រូវបានជួយសង្រ្គោះបន្ទាប់ពីក្រុមការងារប្រចាំខេត្តរតនគីរីនៃអង្គការ BirdLife សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានចុះទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលចាប់ពួកវាយកមកក្នុងបំណងចិញ្ចឹមរួចមក។
គួរបញ្ជាក់ថាការជួយសង្រ្គោះកូនសត្វកុកពាក់អំបោះចំនួន ៤ក្បាលនេះបន្ទាប់ពីទទួលព័ត៌មាន ពីអាជ្ញាធរ ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងថាមាន ប្រជាពលរដ្ឋនៅភូមិឃុំនេះបានចាប់កូនសត្វកុកពាក់អំបោះចំនួន ៤ក្បាលយកមកទុកចិញ្ចឹមកាលពីថ្ងៃទី ២៩ខែ សីហាឆ្នាំ ២០២១។
កូនសត្វកុកពាក់អំបោះទាំងនេះត្រូវបានប្រជាពលរដ្ឋឡើងយកពីក្នុងសំបុករបស់វានៅចំនុចបរិវេណព្រៃលិចទឹកបាតអាង កាលពីប្រាំថ្ងៃមុន ដោយគោលបំណងចង់ យកមកចិញ្ចឹម ប៉ុន្តែបន្ទាប់ពីអាជ្ញាធរបានធ្វើការណែនាំ និងពន្យល់ពីផលអវិជ្ជមាន ដែលអាចកើតចំពោះការចិញ្ចឹមសត្វព្រៃរួចមក ពួកគាត់ក៏បានយល់ព្រមប្រគល់ សត្វនេះដើម្បីធ្វើការស្តារកាយនិតិសម្បទារនៅអង្គការ BirdLife ប្រចាំខេត្តរតនគីរី។ កូនសត្វទាំងអស់នឹងត្រូវបានប្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញនៅពេលពួកវាមានកាយសម្បទាររឹងមាំគ្រប់គ្រាន់អាចរកចំណីបាន។
សូមបញ្ជាក់ដែរថា កុកពាក់អំបោះ ឫ សត្វកស គឺជាសត្វដែលត្រូវបានចាត់ចូលជាប្រភេទជិតទទួលរង ការគំរាមកំហែង (Nearly Threatened) ក្នុងបញ្ជីក្រហមពិភពលោក (IUCN Red List) ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចចូលរួមការពារបក្សីនេះទាំងអស់គ្នា ដោយបញ្ឈប់ការទន្ទ្រានដីដែលធ្វើអោយប៉ះពាល់ដល់ទីជម្រក ការបរបាញ់ ការចាប់យកមកចិញ្ចឹម និងលួចយកពងកូន៕