កងទ័ពកងពលតូចថ្មើរជើងលេខ៥១ បានត្រៀមសម្ភារ និងមធ្យោបាយនានា ជួយសង្គ្រោះពលរដ្ឋពេលមានទឹកជំនន់

ការតៀមនេះគឺបានធ្វើឡើងស្របពេលដែល ក្រសួងធនធានទឹកកម្ពុជាបានជូនដំណឺងពីការភ្លៀងក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នឹងបន្ដធ្លាក់ច្រើនថែមទៀត ខណៈកម្ពុជាទទួលរងនូវឥទ្ធិពលជ្រលង សម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាប រវាងពីថ្ងៃទី២ដល់ទី៤ និងថ្ងៃទី៧ កញ្ញាកម្ពុជានឹងបន្ថែមដោយឥទ្ធិពលខ្យល់សមុទ្រ Breeze ថែមទៀត។ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងទៀតថា, ឥទ្ធិពលនោះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន, លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ភូមិសាស្ត្រមួយចំនួនក្នុងតំបន់វាលទំនាបកណ្តាល នឹងមានជំនន់ទឹកភ្លៀងកើតឡើង ។

សូមជម្រាបថាខេត្តបន្ទាយមានជ័យ គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរមួយដោយសារជំនន់ទឹកភ្លៀងក្នុងរដូវភ្លៀងធ្លាក់កាលពីឆ្នាំ២០២០កន្លងទៅ។ កងទ័ពដែលឈរជើងនៅក្នុងខេត្តបន្ទាយមានជ័យនេះ បានក្លាយទៅជាកម្លាំងស្នូលក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋកាលពីពេលនោះ។ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានប្រមូលផ្តុំកងកម្លាំងអន្តរាគមន៍ និងត្រៀមសម្ភារ មធ្យោបាយជួយសង្គ្រោះមួយចំនួនទៀត ដើម្បីត្រៀមជួយប្រជាពលរដ្ឋក្នុងករណីមានការជន់លិច។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋក្តី។ ប៉ុន្តែកងកម្លាំងមួយចំនួនទៀត ក៏បានត្រៀមលក្ខណៈ ២៤ម៉ោង លើ ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។

លោកឧត្តមសេនីយ៍ត្រី ក៏បានក្រើនរំលឹកដល់កងអន្តរាគមន៍ទាំងអស់ ឱ្យត្រៀមខ្លួនក្នុងប្រតិបត្តិការអន្តរាគមន៍ ហើយត្រូវប្រកាន់ខ្ជាប់នូវស្មារតីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងករណីជន់លិច។ កិច្ចអន្តរាគមន៍នេះ ក៏ត្រូវផ្សារភ្ជាប់ជាមួយគោលការណ៍ទាំងឡាយរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នឹងមេរោគកូវីដ១៩ផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner