អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ រៀបចំ សំអាតអនាម័យ បរិស្ថាននៅតាមសាលា ដើម្បីត្រៀមបើកសាលារៀនឡើងវិញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខាតមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនអោយដំណើរការឡើងវិញ ក្រោយពី បានស្រាកស្រាន្តដោយជម្ងឺកូវីដ-១៩។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប ។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសំអាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឲ្យបានស្អាត។ បន្ថែម ពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងសុំអន្តរាគមន៍ពីកងទ័ពដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលយើងធ្វើពិធីបើកសាលាឲ្យចូលរៀនឡើងវិញ ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា សាលារៀនមួយចំនួនត្រូវ បានរដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ ។ តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺទៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែន សុខជាដើម ។

គួរបញ្ជាក់ថា មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ-១៩កំពុងសម្រាកព្យាបាលប្រមាណជាង១០នាក់ និងនៅវិទ្យាល័យជា ស៊ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះឲ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែន បានចេញ សារសម្លេងបន្ទាន់មួយ ដោយណែនាំអោយ ក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕ដោយ៖ រ៉ាម៉ន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner