តៃវ៉ាន់គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីមួយ ដើម្បីឱ្យកងទ័ពបម្រុងត្រៀមខ្លួននឹងសង្គ្រាមបានល្អជាងមុន

ដែនដី​កោះ​តៃវ៉ាន់​គ្រោង​នឹង​បង្កើត​អង្គភាព​កងទ័ព​ថ្មី​មួយ ដើម្បី​បំពាក់បំប៉ន​សមត្ថភាព​កងទ័ព​បម្រុង​របស់​ខ្លួន​ឱ្យ​ត្រៀម​ខ្លួន​នឹង​សង្គ្រាម​ណា​មួយ កើត​ឡើង​ជា​យថាហេតុ។​គម្រោង​​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងកម្លាំង​ដូច្នេះ​ ត្រូវ​បាន​ដាក់​ទៅ​ជាមួយ​នឹង​សំណើ​ស្នើ​សុំ​កញ្ចប់​ថវិកា​ទៅ​កាន់​សភា​តៃវ៉ាន់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ សម្រាប់​ធ្វើ​ការ​ចំណាយ​លើ​វិស័យ​យោធា​សម្រាប់​ឆ្នាំ២០២២ ដោយ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់។

បើ​យោង​តាម​សំណើ​ខាង​លើ​នេះ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​មាន​បំណង​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ​សរុប ៤១៧,៥ប៊ីលាន​ដុល្លារ​តៃវ៉ាន់​ថ្មី ឬ ប្រហាក់ប្រហែល​នឹង​ទឹកប្រាក់​ប្រមាណ ១៧ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​តៃវ៉ាន់។

ថវិកា​ជាង ១៧ប៊ីលាន​ដុល្លារ​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​អនុម័ត​ពី​សភា​តៃវ៉ាន់ ទើប​ខាង​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​អាច​ប្រើប្រាស់​បាន ដោយ​ថវិកា​ទាំង​នេះ​នឹង​យក​មក​ប្រើប្រាស់​សម្រាប់​ការ​ទិញ​អាវុធ និង​តម្រូវ​ការ​ផ្នែក​ការពារ​ជាតិ​ផ្សេងៗ ដែល​រួម​មាន​មីស៊ីល​ទំនើប​ៗ​ជា​ដើម។

ចំណែក​ឯ​ថវិកា​យក​ទៅ​ទ្រទ្រង់​អង្គភាព​កងទ័ព​បម្រុង​ថ្មី​មាន​ប្រមាណ ៩,៣លាន​ដុល្លារ ដោយ​អង្គភាព​នេះ​នឹង​ជំនួស​បញ្ជាការដ្ឋាន​កងកម្លាំង​ប្រដាប់​អាវុធ​បម្រុង ដែល​អង្គភាព​នេះ​នឹង​ដាក់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី១ ខែ​មករា ខាង​មុខ​នេះ។

យោង​តាម​សំណើ​ស្នើ​សុំ​ប្រើប្រាស់​ថវិកា អង្គភាព​នេះ​នឹង​ប្រើប្រាស់​យន្តការ​នៃ​ការ​ផ្លាស់ប្ដូរ​ផ្នែក​យោធា ដែល​មាន​ស្រាប់ ដើម្បី​បញ្ជូន​សិក្ខាកាម​ ដើម្បី​ទៅ​ទស្សនកិច្ច និង​ទៅ​ហ្វឹកហាត់​ក្នុង​លក្ខណៈ​ជា​ក្រុម​តូច​ៗ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​កេណ្ឌ​ទ័ព និង​ការ​កសាង​កម្លាំង​ទ័ព​បម្រុង​តៃវ៉ាន់។

កន្លង​មក​កងទ័ព​បម្រុង​របស់​តៃវ៉ាន់​ត្រូវ​បាន​អ្នក​ជំនាញ​មើលឃើញ​ថា មាន​ភាព​ខ្វះខាត និង​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំនួស​ទាហាន​សកម្ម​នោះ​ឡើយ ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម​ណា​មួយ ដោយសារ​តែ​ភាព​ខ្វះខាត​ក្នុង​ការ​ហ្វឹកហាត់។

ការ​សិក្សា​របស់​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ផ្នែក​យោធា​របស់​អាមេរិក RAND Corporation កាល​ពី​ឆ្នាំ២០១៧ បាន​ឱ្យ​ដឹង​ថា តៃវ៉ាន់​មាន​សមត្ថភាព​ក្នុង​ការ​កេណ្ឌ​កងទ័ព និង​ប្រជាជន​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​ធម្មជាតិ និង​បង្ក​ឡើង​ដោយ​មនុស្ស។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​នេះ​បាន​ព្រមាន​ថា វិធីសាស្ត្រ​ក្នុង​ការ​បង្វឹក​កងទ័ព​បម្រុង​របស់​តៃវ៉ាន់ «ហាក់​បី​ដូច​ជា​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ត្រៀម​ខ្លួន​របស់​កងកម្លាំង​បម្រុង​ទាំង​នោះ ដែល​អាច​នឹង​ចូល​ប្រយុទ្ធ​ត​តាំង​នឹង​ការ​ឈ្លានពាន​ពេញ​ទី​របស់​ចិន»។

របាយការណ៍​ខាង​លើ​បាន​បន្ថែម​ថា ខណៈ​ខាង​ចិន​ដី​គោក​ខិតខំ​ធ្វើ​ទំនើបកម្ម​ខាង​យោធា​ តៃវ៉ាន់​ចេះ​តែ​កាត់​បន្ថយ​ចំនួន​កងទ័ព​សកម្ម​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ តៃវ៉ាន់​កាត់​បន្ថយ​កងទ័ព​សកម្ម​ពី​ប្រមាណ ៣៨ម៉ឺន​នាក់​នៅ​ឆ្នាំ២០០១ មក​ត្រឹម​ ១៧ម៉ឺន​នាក់។

ជាមួយ​នឹង​ស្ថានភាព​នេះ​ដែរ ក្រសួង​ការពារ​ជាតិ​ក៏​បាន​ធ្វើ​ការ​បង្កើត​ច្បាប់​ថ្មី ក្នុង​ការ​កោះហៅ​កងទ័ព​បម្រុង ដើម្បី​ពង្រឹង​ភាព​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ។ បើ​តាម​ផែនការ​ថ្មី​នេះ កងទ័ព​បម្រុង​នឹង​ចូល​ហាត់​រយៈពេល ២សប្ដាហ៍ ខណៈ​នៅ​ពេល​បច្ចុប្បន្ន​ហាត់​តែ ៥ ទៅ ៧ថ្ងៃ​ប៉ុណ្ណោះ ហើយ​កងទ័ព​បម្រុង​អាច​នឹង​កោះហៅ​រាល់​ឆ្នាំ ដោយ​នៅ​ពេល​ឥលូវ​នេះ​កោះ​ហៅ​ ២ឆ្នាំ​ម្ដង។

គោលនយោបាយ​ថ្មី​នេះ​នឹង​អនុវត្ត​សាកល្បង​នៅ​ឆ្នាំ២០២២-២៣ មុន​នឹង​អនុវត្ត​ពេញលេញ​នៅ​ឆ្នាំ២០២៤។

បន្ថែម​នឹង​ការ​ស្នើសុំ​ថវិកា​សម្រាប់​ចំណាយ​ឆ្នាំ​ថ្មី ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ក៏​ធ្វើ​ការ​ជម្រាប​សភា​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នៅ​ពេល​នេះ​បង្ក​ជា​ការ​គំរាម​កំហែង​ខ្លាំង​ដល់​ដែន​កោះ​របស់​ខ្លួន ដោយ​កងកម្លាំង PLA កំពុង​តែ​បង្កើន​អានុភាព​យោធា​ផ្នែក​សង្គ្រាម​បែប​អ៊ីនធឺណិត និង​អេឡិចត្រូនិក ក៏​ដូច​ជា​ការ​បង្កក​ប្រព័ន្ធ​ទំនាក់ទំនង​គ្នា​ទៀត​ផង​។ ចាប់​តាំង​ពី​អ្នក​ស្រី Tsai Ing-wen ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ២០១៦ ចិន​ និង​តៃវ៉ាន់​ហាក់​មើល​មុខ​គ្នា​មិន​ត្រូវ។ ​ជា​ប្រពៃណី​ទៅ​ហើយ ចិន​ដី​គោក​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ដោយ​ផ្អែក​លើ​ការ​ដឹកនាំ​ប្រទេស​បែប «ប្រទេស​ ១ ប្រព័ន្ធ ២» ប៉ុន្តែ​រដ្ឋាភិបាល​របស់​អ្នក​ស្រី Tsai ចាប់​ផ្ដើម​បង្ហាញ​ពី​ភាព​ជំទាស់​នឹង​ការ​ប្រកាស​យក​របស់​ចិន​ដី​គោក ហើយ​ចង់​បន្ត​ដឹកនាំ​បែប​ស្វ័យភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner