ប៉ូលីសហុងកុងស៊ើបមើលករណីឃុបឃិតជាមួយបរទេស ប្រឆាំងនឹងមូលនិធិដែលបង់ប្រាក់ ២៤៣ លានដុល្លារហុងកុងដល់ក្រុមអ្នកតវ៉ា

ហុងកុង៖ ប៉ូលីស​សន្តិសុខជាតិ​ហុងកុង​ កំពុង​ស៊ើប​អង្កេត​ថា​តើ​មូល​និធិ​ដែល​គាំទ្រ​ចលនាប្រ​ឆាំង​រដ្ឋាភិបាល​ទីក្រុង​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឃុប​ឃិត​ជាមួយ​កង​កម្លាំង​បរទេស​ដែរ​ឬ​យ៉ាង​ណា​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ហុងកុង​ South China Morning Post ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​និយាយ​កាល​ពី​ថ្ងៃពុ​ធ​ថា​ មូល​និធិ​សង្គ្រោះ​មនុស្ស​ធម៌​-​៦១២​ និង​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិត​ ដែល​ ផ្តល់​គណនី​ធនាគារ​របស់​ខ្លួន​ដល់​អ្នក​គ្រប់​គ្រង​​មូល​និធិ​សម្រាប់​ការ​បរិច្ចាគ​ គឺ​ជា​គោលដៅ​របស់​មន្រ្តី​​នាយក​ដ្ឋាន​សន្តិសុខ​ជាតិ​។​

​ប្រភព​ដដែល​ថា​ ប៉ូលីស​បាន​ទទួល​ដីកា​របស់​តុលាការ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ ដើម្បី​តម្រូវ​ឱ្យ​អង្គភាព​ទាំង​ពីរ​ផ្តល់​ព័ត៌មាន​ក្នុង​រយៈ​ពេល​ជាក់​លាក់​ណា​មួយ​។  ​

​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​ចេញ​ពី​ល្ងាច​ថ្ងៃ​ពុធ​ ប៉ូលីស​បញ្ជាក់​ថា​ខ្លួន​​បើក​ការ​ស៊ើប​អង្កេត​មួយ​ថា​តើ​មូលនិធិ​នេះ​បាន​រំលោភច្បា​ប់​សន្តិសុខជាតិ​ ឬ​បទ​បញ្ជា​ក្នុង​ស្រុក​ណា​មួយ​ផ្សេង​ទៀត​ ដោយ​បញ្ជាក់​​​ថា​ មន្រ្តី​បាន​ទទួល​ដីកា​ពី​តុលាការ​កំពូល​ដើម្បី​ឱ្យ​ប៉ូលីស​សន្តិសុខ​ជាតិ​បង្ខំ​​អ្នក​​ពាក់​​ព័ន្ធ​​ផ្តល់​​ព័ត៌មាន​​ទាក់​​ទង​​នឹង​​ការ​​ស៊ើប​​អង្កេត​ ដូច​មាន​ចែក​តាម​ច្បាប់​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​​។​

​ប្រហែល​ជា​ពីរ​សប្តាហ៍​មុន​ ក្រុម​អ្នក​គ្រប់​គ្រង​​មូល​និធិ​​និយាយ​ថា​ មូល​និធិ​នឹង​បិទ​ទ្វា​នៅ​ខែ​តុលា​​បន្ទាប់​ពី​ផ្ដល់​ប្រាក់​ជាង ​២៤៣ ​លាន​ដុល្លារ​ហុងកុង​ដល់​អ្នក​តវ៉ា​ដែល​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ព្រហ្មទណ្ឌ​ ឬ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សារ​ភាព​ចលាចល​ឆ្នាំ​ ២០១៩​​។ ក្រុម​ដដែល​និយាយ​ថា​ ការ​បញ្ឈប់​មូលនិធិ​នេះ​គឺ​ជៀស​មិន​រួច​នៅ​ពេល​ដែល​ពួក​គេ​ទទួលដំ​ណឹង​អំពីកា​រ​សម្រេច​ចិត្ត​ដាច់​ដោយ​ឡែក​មួយ​ដើម្បី​បំបែក​សម្ព័ន្ធ​ភាព​​នោះ​ទេ​​។

​ចាប់​តាំង​ពី​ច្បាប់​សន្តិសុខ​ជាតិ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា​ឆ្នាំ​មុន​ មនុស្ស​ ១៤៣ ​នាក់​ដែល​មាន​អាយុ​ពី​ ១៥​ ទៅ ​៧៩​ ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​នោះ​រួម​មាន​ទាំង​​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​។​ រហូត​មក​ទល់​ពេល​នេះ​ មនុស្ស​ចំនួន​ ៨១ ​នាក់​ត្រូវ​បាន​កាត់​ទោស​ ហើយ​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ក្នុង​សវនាការ​ និង​ពីរ​នាក់​ទៀត​បាន​សារភាព​ថា​មាន​ពិរុទ្ធ​ភាព​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner