ទីបំផុតវ៉ាក់សាំង mRNA មកដល់តៃវ៉ាន់ បន្ទាប់ពីមានរឿងចម្រូងចម្រាសកន្លងមក

វ៉ាក់សាំង mRNA ម៉ាក Pfizer-BioNTech ​ផលិត​នៅ​អាល្លឺម៉ង់​ចំនួន​ ៩០ម៉ឺន​ដូស​នឹង​ដឹកជញ្ជូន​មក​ដល់​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ដែនដី​កោះ​តៃវ៉ាន់​លោក Chen Shih-chung នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ។

លោក​បាន​បន្ថែម​ថា កោះ​នៅ​អាស៊ី​បូព៌ា​មួយ​នេះ​នឹង​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ប្រភេទ mRNA នេះ នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ដោយ​ដាក់​យក​ក្រុម​មនុស្ស​អាយុ ១២ ដល់​ ២២ឆ្នាំ​ជា​ក្រុម​មនុស្ស​គោលដៅ។

វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវ​បាន​កុម្ម៉ង់​សរុប ១៥លាន​ដូស ដោយ​ក្រុមហ៊ុន​តៃវ៉ាន់​ចំនួន​ ៣គឺ ក្រុមហ៊ុន​ Foxconn ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ឱ្យ​ក្រុមហ៊ុន​គ្រឿង​អេឡិចត្រូនិក Apple ក្រុមហ៊ុន​ផលិត​ឈីប​តៃវ៉ាន់ (TSMC) និង​មូលនិធិ​ពុទ្ធសាសនិក Tzu Chi។ ក្រុមហ៊ុន​ទាំង​ ៣នេះ​ទិញ​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ហើយ​បរិច្ចាគ​ជូន​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង។

យ៉ាងណាមិញ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua វ៉ាក់សាំង​នេះ​ធ្វើ​ការ​ចែកចាយ​ដោយ​ក្រុមហ៊ុន​ឱសថ​សៀងហៃ Fosun។ សារព័ត៌មាន​នេះ​បាន​បន្ថែម​ថា វ៉ាក់សាំង BioNTech ចំនួន ៩៣២ ០០០ដូស​នឹង​មក​ដល់​តៃប៉ិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ប្រមាណ ៩១ម៉ឺន​ដូស​ទៀត​នឹង​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ។

តៃវ៉ាន់​កន្លង​មក​ធ្លាប់​ចោទ​រដ្ឋាភិបាល​ចិន​ដី​គោក​ថា ធ្វើការ​បិទ​ខ្ទប់​មិន​ឱ្យ​ខ្លួន​ធ្វើ​ការ​ចរចា​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ Pfizer-BioNTech ដោយ​ផ្ទាល់​ពីអាល្លឺម៉ង់។ យ៉ាងណាមិញ ចិន​ជា​រឿយៗ​តែងតែ​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner