សម្ដេចតេជោហ៊ុនសែន ឧបត្ថម្ភពូជស្រូវនិងពូជដំណាំបន្លែបង្ការផ្សេងៗជាង៧តោនជូន អតីតយុទ្ធជនចំនួន១៤១គ្រួសារ

ខេត្តកំពង់ធំ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភពូជស្រូវនិងពូជដំណាំបន្លែបង្ការផ្សេងៗជាង ៧តោន ជូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ចឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ តាមរយៈ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាង ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តម សេនីយ៍ គន់ គីម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍អំពី ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងរយៈពេលជាង ៣ខែបានជួបប្រទះការលំបាកខ្វះខាត ដូចជាភ្លើងអគ្គិសនី ផ្លូវធ្វើដំណើរ និងទឹកស្អាតសម្រាប់ប្រើប្រាស់ នៅក្នុងភូមិឋានថ្មីនេះ និងខ្វះខាតពូជដំណាំបន្លែបង្កា ដើម្បីបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃ ។

ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខនិង ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានឧបត្ថម្ភតាមការសំណូមពររបស់អតីតយុទ្ធជន ព្រមទាំងបានផ្ដល់ស្រូវពូជក្នុងមួយគ្រួសារចំនួន ៥០គីឡូក្រាម និងពូជដំណាំបន្លែបង្ការផ្សេងៗ ដើម្បីដាំដុះបង្កបង្កើនផលដោះស្រាយជីភាពក្នុងក្រុមគ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យអតីតយុទ្ធជនទាំង ១៤១គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដោះស្រាយនូវរាល់ការលំបាក ផ្សេងៗជូនបងប្អូនអតីតយុទ្ធជន ៕ ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner