លោក ថោង ខុន ជំរុញឱ្យអាជ្ញាធរស្រុកបារាយណ៍ និងតាំងគោកបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង វិធានការ ៣កុំ ៣ការពារ និងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនពលរដ្ឋ

(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានជំរុញអាជ្ញាធរនៅស្រុកទាំងពីរនេះបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពង្រឹងវិធានការ ៣-កុំ និង ៣-ការពារ និងពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថែមទាំងបន្តអនុវត្តការងារបម្រើសេវាសាធារណៈ និងការងារបង្កបង្កើនផលផងដែរ។

ការជំរុញបែបនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពគណបក្សរបស់គណបក្សស្រុកទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

នាឱកាសនោះ ប្រធាន និងអនុប្រធានគណបក្សស្រុកទាំងពីរ ក៏បានរាយការណ៍អំពីការងារចាំបាច់មួយចំនួនជូនអង្គប្រជុំ រួមទាំងវឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង និង យុទ្ធនាការ ៣កុំ ៣ ការពារ ផងដែរ។

នាឱកាសនោះ លោក ថោង ខុន បានណែនាំឱ្យគណបក្សស្រុកត្រៀមរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាជាមួយគណបក្សឃុំ និងក្រុមការងារ ឃុំ និងបញ្ជូនមកពិភាក្សានៅគណបក្សស្រុកដើម្បីសម្រេចឲ្យបានតាមពេលវេលាកំណត់។

ចំពោះការចាក់វ៉ាក់សាំង លទ្ធផលបានល្អប្រសើរហើយ គឺចាប់ពីអាយុ ១២ ឆ្នាំឡើង បានលើស ៩០% ហើយ ស្នើខិតខំបន្តទៀត ព្រមជាមួយនោះមិនត្រូវភ្លេចយុទ្ធនាការ ៣ កុំ ៣ ការពារ ដែលចាំបាច់ត្រូវធ្វើដូចភ្លៀងរលឹម ហើយត្រូវធ្វើឲ្យដល់គ្រួសារនីមួយៗ និងមនុស្សគ្រប់រូប។

លោកបានជំរុញឱ្យក្រុមការងារចុះជួយស្រុក ឃុំ ភូមិ ត្រូវបន្តសកម្មភាពចុះជួយមូលដ្ឋានភូមិ ឃុំ ឱ្យបានសកម្មឡើងវិញ ដើម្បីក្ដាប់ពីសតិអារម្មណ៍ បញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីលើកយកមកពិភាក្សាផ្លាស់ប្ដូរយោបល់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ដើម្បីជំរុញការងារកសាងសមាជិកគណបក្ស ត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកក៏បានជំរុញឱ្យអាជ្ញាធរស្រុកទាំងពីបន្តការងារកសាងសមាជិកគណបក្សបន្តទៅទៀត ខណៈការងារនេះក៏ឈានទៅសម្រេចបានតាមផែនការរបស់គណបក្សស្រុកផងដែរ ឬអាចឈានឱ្យលើសពី ៧០ ភាគរយនៃប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមភូមិនីមួយៗ ពោល គឺនៅចុងខែកញ្ញានេះ ត្រូវខិតខំសម្រេចផែនការ អោយបាន មិនត្រូវទុកឲ្យមានភូមិណាមួយ នៅក្រោម ៧០% ឡើយ ព្រោះថាការិយាល័យបោះឆ្នោតគឺមាននៅគ្រប់ភូមិ។

ក្រៅពីនេះ លោក ថោង ខុន បានជំរុញមន្ត្រីសមត្ថកិច្ចពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋ ឱ្យបានទាន់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។

លើសពីនេះទៀត ក៏ត្រូវបន្តជំរុញការងារជួយកសិករធ្វើកសិកម្មស្រែចម្ការ បង្កបង្កើនផល ដោះស្រាយបញ្ហាខ្វះខាតទឹក ទប់ស្ទាក់ទឹកទុកប្រើប្រាស់ជាដើម។

លោកបានបញ្ជាក់ថា «ពិន្ទុនៃការទាក់ទាញទឹកចិត្តរបស់ប្រជាពលរដ្ឋឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា គឺការជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋ»៕ ចាន់ វិចិត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner