ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញត្រួតពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត និងស្រូវវស្សាជិត ១៦០០០ហិតា អាចនឹងរួចផុតពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

សៀមរាប ៖ នៅក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត នៅក្នុងឃុំពង្រលើ ស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ជាមួយគ្នានោះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការងារបង្ករបង្កើនផលដំណាំស្រូវវស្សាឆ្នាំ២០២១នេះ បាន ១៨៩ ៧២០ហិតា ស្មើនឹង ៩៩.៩៩%នៃផែនការ ក៏ប៉ុន្តែនៅក្នុងអំឡុងខែសីហានេះដែរ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦ ០០០ហិតា លើ៨ស្រុកក្នុងចំណោម ១២ក្រុង-ស្រុក ស្មើនឹង៤១ឃុំ ៣២១ ភូមិ ជាង ១៤ ០០០ គ្រួសារ ។ ក្នុងនេះដែរ ស្រុកជីក្រែងទទួលរងផលពាល់ច្រើនជាងគេស្មើនឹង ៦ ៦០០ហិចតា ក្នុងនេះស្រូវស្រាលលើផ្ទៃដី ២ ៨៨០ហិតា ត្រូវទទួលរងនូវការខូចខាត ប្រជាកសិករប្រហែល ៣ ០០០គ្រួសារ រស់នៅលើ ១២ឃុំ ១៣៣ភូមិ បានទទួលរងនូវការខូចខាតនេះ ។

លោកប្រធានមន្ទីរកសិកម្ម បានបន្តថា ក្នុងអំឡុងដើមខែកញ្ញានេះ ខេត្តសៀមរាបមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបើស្ថានភាពបែបនេះ នៅតែមានបន្តទៀត ស្រូវស្រែជិត ១៦ ០០០ហិតា នឹងត្រូវបានងើបចេញពីផលប៉ះពាល់ ហើយផ្ទៃដីស្រូវស្រាលដែលខូចខាតនៅស្រុកជីក្រែង ជិត៣០០ហិតា អាចនឹងមានលទ្ធភាព ស្តារដោយការសាបព្រួសឡើងវិញ ប្រហែលជាជិត ២ ៣០០ហិតា ។ ការត្រៀមលក្ខណៈ ស្តារដំណាំស្រូវវស្សាចេញពីការខូចខាតសម្រាប់ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ស្រូវពូជសម្រាប់ខេត្តសៀមរាបទាំងមូល ប្រមាណជា ២០០០តោន ។

បើទោះបីយ៉ាងនេះក្តី ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានជម្រុញឲ្យមន្រ្តីជំនាញ ប្រើប្រាស់ឲ្យអស់លទ្ធភាព អាងទឹកធារាសាស្រ្តទំនប់ម្កាក់ ដែលមានវិសាលភាពគ្របដណ្តប់ទៅលើ៩ឃុំនៃស្រុកជីក្រែង ជាពិសេសនោះគឺការគ្រប់គ្រងចែកចាយទឹកដល់សហគមន៍ប្រកបដោយតម្លាភាព ។

ទន្ទឹមគ្នានោះផងដែរ លោក នួន ច័ន្ទគ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តសៀមរាប បង្ហាញថា អាងទឹកទំនប់ម្កាក់អាចស្តុកទឹកបានប្រមាណជា ២០លានម៉ែត្រត្រីគុណ ដែលមានវិសាលភាពគ្របដណ្តប់ចំនួន៩ឃុំ លើ១២ឃុំរបស់ស្រុកជីក្រែង និងមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ២៥ ០០០ហិតា។ ឆ្នាំនេះប្រជាកសិករ បង្កបង្កើនផលស្រូវប្រាំងជាង ១ម៉ឺនហិតា និងធ្វើស្រែវស្សាជាង៣ម៉ឺនហិតា ដែលទំហំចែកចាយនេះ វាលើសពីសមត្ថភាពរបស់អាងម្កាក់ រួមទាំងមានជួបប្រទះគ្រោះរាំងស្ងួតបន្ថែមទៀត ទើបបញ្ហាផលប៉ះពាល់ស្រូវកណ្តាល-ស្រូវធ្ងន់ និងការខូចខាតផលស្រូវស្រាលត្រូវបានកើតឡើង។

លោកបន្ថែមឲ្យដឹងថា ១សប្តាហ៍ចុងក្រោយនេះ កំពស់ទឹកអាងម្កាក់ បានឡើងលើកូដបាតទ្វារទឹកប្រមាណ ៨៥០មីល្លីម៉ែត្រ សង្ឃឹមថា កំពស់ទឹកនេះនឹងបន្តមានកំណើនបន្ថែមទៀត សម្រាប់ការជួយសង្គ្រោះផលប៉ះពាល់ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner