ថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលារាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ កញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃតំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ(ស្វាមីឬភរិយា)នៅក្នុងរាជធានីភ្នំពេញ ។ ក្នុងថ្ងៃដំបូងនេះគេបានឃើញពួកគាត់បានសម្រុកទៅចាក់វ៉ាក់សាំងនេះ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងច្រើនកកកុញ ជាមួយរក្សាគម្លាតសុវត្ថិភាពផងដែរ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក្នុងសកម្មភាពចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៃមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមន នាព្រឹកថ្ងៃទី០៦ កញ្ញាឆ្នាំ២០២១នេះ បានមានប្រសាសន៍អោយដឹងថា នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ មានមន្ត្រីរាជការ គ្រូបង្រៀន និង បុគ្គលិកចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញបានទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាច្រើននាក់ ។

លោកអភិបាលបន្តថា ស្របពេលនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជំនួញ សម្រាប់មន្ត្រីរាជការនេះ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក៏បានទទួលការចាក់វ៉ាក់សាំងជូនយុវវ័យដែលមានអាយុពី ១២ឆ្នាំទៅ១៧ឆ្នាំ ចាក់សាំងដូសទី២ផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មុននៃការចាក់បាក់សាំងនេះ លោកអភិបាលខណ្ឌបញ្ជាក់ថា៖យើងបានប្រជុំបែងចែកភារកិច្ចរួចជាស្រេចហើយ ពោលគឺ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ត្រូវបានបែងចែកជា២កន្លែង នោះគឺទីតាំងសម្រាប់ចាក់មន្ត្រីរាជការ និងទីតាំងសម្រាប់ចាក់ កុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំដើម្បីឲ្យមានសណ្តាប់ធ្នាប់និងងាយស្រួលបំពេញការងាររបស់ក្រុមគ្រូពេទ្យ។

លោកថេង សុថុលក៏បានបញ្ជាក់ផងដែរថា មន្ត្រីរាជការចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចាក់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៩កញ្ញា ហើយសម្រាប់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ នឹងចាប់ផ្ដើមចាក់ដុសទី៣ឬដុសជម្រុញនៅថ្ងៃទី០៩រហូតដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១។ ដូច្នេះលោកអភិបាលខណ្ឌចំការមនបានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវចាក់សាំងដុសទីបីខាងលើនេះ សូមអញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង តាមការបែងចែកនិងការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពី ការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺ-១៩។

ក្នុងសកម្មភាពនេះដែរនៅមណ្ឌលសុខភាពច្បារអំពៅ ក៏ដូចជានៅមណ្ឌសុខភាពផ្សេងទៀតនៅទូទាំងរាជធានី ក៏មានមន្ត្រីរាជការចំណុះអោយរដ្ឋបាលរាជធានីនិងយុវវ័យពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំទៅទទួលចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ជាមួយរក្សាគម្លាតសុវត្ថិភាពផងដែរ។ ចំណែកនៅមណ្ឌសុខភាពទួលស្វាយព្រៃសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេងកង មិនខុសពីមណ្ឌសុខភាពនានាដែរ។

គួរបញ្ជាក់ថា ៖បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ កញ្ញា គឺបានជម្រុញអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋ ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដួសទី២រួចរាល់ សូមមកទទួលការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកម្មវិធី និងទីកន្លែងដែល បានកំណត់ ដោយភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner