សហគ្រាសខ្នាតតូច “កែច្នៃឡើងវិញនូវកាកសំណល់ថង់ប្លាស្ទិក” ក្នុងខេត្តបាត់ដំបង បានផលិតថង់ និង វត្ថុធាតុដើមកែច្នៃប្រើប្រាស់ឡើងវិញ បានប្រមាណពី ៤២០-៥០០តោន ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងស្រុក

                    សហគ្រាសខ្នាតតូច “កែច្នៃឡើងវិញនូវកាកសំណល់ថង់ប្លាស្ទិក”ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតក្នុងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០១៧ហើយត្រូវផ្អាកដំណើរការមួយរយៈ ហើយត្រូវបានក្រសួងបរិស្ថាន ជ្រើសរើសធ្វើជាដៃគូនិងទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការយូនីឌូ(UNIDO)សហគមន៍អឺរុបផងនោះ បានជ្រើសយកសហគ្រាសសិប្បកម្មមួយនេះធ្វើជាដែគូរបស់សាលាក្រុងបាត់ដំបង ក្នុងការអនុវត្តនូវគម្រោងកាត់បន្ថយថង់ប្លាស្ទិក ក្នុងក្រុងបាត់ដំបង។

       និងក្រោយពីទទួលបាននូវសម្ភារៈគ្រឿងចក្រកែច្នៃថ្មីមួយចំនួនបន្ថែមទៀត ដើម្បីបំពាក៎ដល់សហគ្រាសខ្នាតតូចមួយនេះ ឲ្យបានដំណើរការ នូវខ្សែសង្វាក់ក្នុងការផលិតថង់ និងកែច្នៃវត្ថុធាតុដើមពីកាកសំណល់ថង់ប្លាស្ទិកកប់ក្នុងដី និងរាយប៉ាយនៅតាមដងផ្លូវក្នុងទីក្រុង បានកាន់តែល្អប្រសើរទ្វេដង ជាងមុនថែមទៀត ។

      នេះបើតាមការគូសបញ្ជាក់ពីលោក នាង ច័ន្ទថារ៉ា ដែលជាម្ចាស់ភាគហ៊ុនសហគ្រាស មួយនេះកាលពីពេលថ្មីៗនេះ។ លោកបានឲ្យដឹងទៀតថា៖សហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិកនេះ បានចាប៎ដំណើរការតាំងពីឆ្នាំ២០១៧រហូតមក ស្ថិតនៅផ្លូវវៀងក្រុង ក្នុងសង្កាត់វត្តគរ។ ហើយត្រូវបានផ្អាកដំណើរការមួយរយៈ នៅក្នុងអំឡុងឆ្នាំ២០១៩ ដោយសារតែការផ្លាស់ប្តូរមកកាន់ទីតាំងថ្មី ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថ្មគោល នេះ។

      តំណាងសហគ្រាសដដែលនេះបានឲ្យដឹងទៀតថា៖កន្លងមកសហគ្រាសខ្លួនបានធ្វើការកែច្នៃនូវកាកសំណល់ថង់ប្លាស្ទិក ដែលត្រូវបានប្រើប្រាស់រួចតាមរយៈនៃការប្រមូលថង់ពីទីលានគំនរសំរាម និង ការប្រមូលទិញពីប្រជាពលរដ្ឋ ដោយក្នុងមួយគីឡូក្រាមតម្លៃ២០០-៣០០រៀល។ លោកក៏បានបន្ថែមថាសហគ្រាសរបស់ខ្លួនបានចាប់ដំណើរការឡើងវិញកាលពីខែ១២ឆ្នាំ២០១៩កន្លងទៅ តាមរយៈ នូវគ្រឿងចក្រនិងឧបករណ៍បច្ចេកទេសកែច្នៃ ដែលចាប់ដំណើរការពីដំបូងរបស់ខ្លួន។

      បច្ចុប្បន្ន សហគ្រាស បាននិងកំពុងប្រើប្រាស់កម្លាំងពលកម្មប្រមាណពី១៥-២០នាក់ភាគច្រើនជាស្ត្រី ដែលសុទ្ធសឹងជាកូនចៅប្រជាកសិករ រស់នៅក្នុងភូមិក្បែរៗខាង ផងដែរ។

      លោក នាង ច័ន្ទថារ៉ា ក៏បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖តាមរយៈការកែច្នៃនៃកាកសំណល់ថង់ប្លាស្ទិកកន្លងមកនេះគឺសហគ្រាសបានប្រើប្រាស់និងតម្រូវការសំណល់ថង់ប្លាស្ទិកដែលប្រើប្រាស់រួចប្រមាណពី៥០-៦០តោនក្នុងមួយខែៗ ដោយបានធ្វើការកែច្នៃឲ្យទៅជាវត្ថុធាតុដើម និងបន្ទាប់មកវត្ថុធាតុដើមកែច្នៃរួចទាំងនេះ ត្រូវយកទៅផលិតកែច្នៃជាថង់ប្លាស្ទិកដើម្បីប្រើប្រាស់បានឡើងវិញ នូវក្នុងការវេចខ្ចប់របស់ស្ងួត ដែលមិនមែនជាចំណីអាហារ។

      លោក នាង ច័ន្ទថារ៉ា បានឲ្យដឹងទៀតថា៖ការប្រមូលទិញសំណល់ថង់ប្លាស្ទិកដើម្បីកែច្នៃឡើងវិញនេះ គឺក្នុង១តោន អាចកែច្នៃប្រើប្រាស់ឡើងវិញបានប្រមាណតែ ៦០០-៦៥០គក្រ. តែប៉ុណ្ណោះ។

       លោកក៏បានសង្កត់ធ្ងន់ឲ្យដឹងបន្ថែមទៀតថា៖បើទោះបីសហគ្រាសខ្លួនធ្វើការកែច្នៃនូវកាកសំណល៎ថង់ប្កាស្ទិកបែបនេះ? នោះវាក៏មិនមែនមានន័យក្នុងការលើកទឹកចិត្តនិងគាំទ្រដល់អ្នកប្រើប្រាស់ទាំងនោះឡើយ។តែសហគ្រាសខ្លួន វាគឺជាចំណែកដ៏ល្អប្រសើរមួយផ្នែកផងដែរដើម្បីចូលរួមក្នុងការកាត់បន្ថយនិងការទប់ស្កាត់កាកសំណល់ថង់ប្លាស្ទិកទាំងនេះ មិនឲ្យរាយប៉ាយ ឬ ហើរប៉ើងលើដងផ្លូវ។ហើយវាថែមទាំងជួយដល់បរិស្ថានក្នុងក្រុងនិងជួយកាត់បន្ថយមិនឲ្យថង់ប្លាស្ទិកទាំងនេះកប់ចោលទៅក្នុងដី បានមួយកម្រិតផងដែរ។

       មកដល់ពេលនេះ ក្រោយពីសហគ្រាសខ្នាតតូចកែច្នៃថង់ប្លាស្ទិករបស់លោកបានធ្វើជាដៃគូ ដ៏មានសារៈសំខាន់ជាមួយនិងអាជ្ញាធរខេត្តនិងរដ្ឋបាលក្រុង-ខេត្តបាត់ដំបង ក្នុងការអនុវត្តនូវ “គម្រោងកាត់បន្ថយថង់ប្លាស្ទិក ក្នុងក្រុងបាត់ដំបង” ដែលគាំទ្រដោយ ក្រសួងបរិស្ថាន និង UNIDOផងនោះកំណើននៃខ្សែសង្វាក់ ក្នុងការប្រមូលទិញនូវកាកសំណល់ថង់ប្លាស្ទិក តាមគំនរសំរាម នៅក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗ ដូចជា៖ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។ដោយបានធ្វើការកែច្នៃជាផលិតផលសម្រេច ដូចជា៖ ថង់ប្លាស្ទិកគ្រប់ខ្នាតរហូតដល់ខ្នាតស្មើ៥០គក្រ បានប្រមាណ១០តោនក្នុងមួយខែ និងផលិតគ្រាប់ប្លាស្ទិកជាវត្ថុធាតុដើមកែច្នៃ ប្រមាណជាង ៣០តោន ក្នុងមួយខែៗផងដែ

         លោក នាង ច័ន្ទថារ៉ា ដែលជាម្ចាស់ភាគហ៊ុនសហគ្រាសមួយនេះ ក៏បានថ្លែងបញ្ជាក់ដោយបានផ្តោតនូវការរំពឹងទុកផងដែរថា៖ប្រសិនបើខ្សែសង្វាក់ផលិតកម្មមួយនេះមានការគាំទ្រ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពីអ្នករើសអេតចាយនិងកម្មករឬក៏ម្ចាស់វិនិយោគលើគំនរសម្រាមក្នុងខេត្តថែមទៀតនោះ។ និងជាពិសេស ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ជួយគាំទ្រក្នុងការប្រើប្រាស់នូវថង់ប្លាស្ទិក ដែលធ្វើការកែច្នៃឡើងវិញទាំងនេះផងនោះ គឺវាពិតជាផ្តល់ឱកាសធ្វើឲ្យសហគ្រាសខ្នាតតូច “កែច្នៃឡើងវិញ នូវ កាកសំណល់ ថង់ប្លាស្ទិក” របស់ខ្លួន នៅក្នុងខេត្តបាត់ដំបង មានលទ្ធភាពក្នុងការផលិតនូវ ថង់ប្លាស្ទិក និង គ្រាប់វត្ថុធាតុដើមកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញឲ្យបានកាន់តែប្រសើរជាងនេះថែមទៀត ហើយវាក៏អាចជួយកាត់បន្ថយចៀសវាងនូវថង់ទាំងនេះ ដែលវារាយប៉ាយនៅតាមដងផ្លូវនិងអាចកប់ចោលទៅក្នុងដីនិងបង្កឲ្យខូចនូវបរិស្ថាន សំរាប់ទៅថ្ងៃអនាគត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner