យូអិនជំរុញអោយមានវិធានការទប់ស្កាត់បញ្ហាអាកាសធាតុជាបន្ទាន់ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៅរដូវភ្លើងឆេះព្រៃ និងទឹកជំនន់នៅទូទាំងពិភពលោក

អន្តរជាតិ៖ អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្តាហ៍នេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកំណត់ការកើនឡើងសីតុណ្ហភាព ដល់គោលដៅដែលបានព្រមព្រៀងជាអន្តរជាតិ ១.៥ អង្សាសេលើសពីកម្រិតឧស្សាហកម្មមុន។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី អាមីណា ម៉ូហាម៉េដ បានប្រាប់កិច្ចប្រជុំកម្រិតខ្ពស់ស្តីពីសកម្មភាពអាកាសធាតុថា “ភពផែនដីទាំងមូលកំពុងឆ្លងកាត់រដូវភ្លើង និងទឹកជំនន់” ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជនដែលមានភាពផុយស្រួយ និងងាយរងគ្រោះនៅក្នុងប្រទេសអ្នកមាន និងអ្នកក្រដូចគ្នា។ ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចសន្ទនាស្តីពីការពន្លឿនដំណោះស្រាយបន្ស៊ាំ មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ដែលជាសន្និសីទអន្តរជាតិអាកាសធាតុប្រចាំឆ្នាំរបស់យូអិន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ក្លាស់ស្គូវ (Glasgow) ក្នុងខែវិច្ឆិកាខាងមុខនេះ លោកស្រី ម៉ូហាម៉េដ បានកត់សម្គាល់ពីផលប៉ះពាល់ដែលមើលឃើញរួចមកហើយ ជាមួយនឹងការកើនឡើង ១,២ អង្សាសេ។ លោកស្រីបានព្រមានថា ប្រទេស និងប្រជាជននៅទូទាំងពិភពលោក ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត និងទទួលខុសត្រូវតិចបំផុតចំពោះវិបត្តិអាកាសធាតុនោះ នឹងជួបប្រទះនូវផលវិបាកកាន់តែធ្ងន់ធ្ងរថែមទៀត។ លោកស្រីបន្ថែមថា ផលប៉ះពាល់នឹងកើតឡើងតាមរយៈសេដ្ឋកិច្ចសហគមន៍ និងប្រព័ន្ធអេកូឡូស៊ី ការលុបបំបាត់ការអភិវឌ្ឍ ភាពក្រីក្រកាន់តែស៊ីជម្រៅ ការធ្វើចំណាកស្រុក និងបង្កើនភាពតានតឹង។
ជាមួយនឹង “ជំហានដិត និងសម្រេចចិត្ត” ឆ្ពោះទៅរកសេដ្ឋកិច្ចសកលសុទ្ធសូន្យនៅឆ្នាំ ២០៥០ លោកស្រី ម៉ូហាម៉េដ បាននិយាយថា ពិភពលោកនៅតែអាចកំណត់កំដៅផែនដីក្នុងកំរិត ១.៥ អង្សាសេ។ ជាមួយនឹងរយៈពេលតិចជាង ៨០ ថ្ងៃមុនពេលសន្និសិទ COP26 មកដល់ អគ្គលេខាធិការរងអង្គការសហប្រជាជាតិរូបនេះ បានជំរុញឱ្យអ្នកចូលរួមធ្វើសកម្មភាពដោយក្លាហានឥឡូវនេះចំពោះមនុស្ស និងភពផែនដី មុនពេលវាយឺតពេល៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner