អតិថិជននៅខេត្តព្រះសីហនុជាច្រើនបង្ហាញការគាំទ្រផ្លែមៀនប៉ៃលិនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

កំពង់សោម៖ នៅម៉ោងប្រមាណ៤៖៣០នាទីនៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ជាច្រើនគ្រឿងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូននៅខាងខេត្តព្រះសីហនុ បានធ្វើដំណើរទៅដល់ទីរួមខេត្ត ដើម្បីរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។

បើតាមការអះអាងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា ម៉ោង៤៖៤០នាទីល្ងាចថ្ងៃទី០៧ ខែកញ្ញានេះ ក្បួនឡានបានទៅដល់ខេត្តព្រះសីហនុ ដូច្នេះសូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង ដោយដាក់លក់ក្នុងតម្លៃ១.៩០០រៀលក្នុងមួយគីឡូក្រាម ស្ថិតនៅទីតាំងផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ។ ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចុះទៅពិនិត្យមើលការចាត់ចែងលក់ជូនបងប្អូនផ្ទាល់ផងដែរ។ គ្រាន់តែមកដល់ភ្លាម ប្រជាពលរដ្ឋក្នុងក្រុងកំពង់សោមបានមកចាំត្រៀបត្រារង់ចាំទិញ ដោយទឹកមុខសប្បាយរីករាយជាខ្លាំង ក៏ដូចជាបង្ហាញនូវការគាំទ្រចំពោះដំណាំហូបផ្លែរបស់កសិករខ្មែរ។ ការលក់ផ្លែមៀនតាង៉ែនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនមែនធ្វើការលក់តែ១ថ្ងៃឡើយ ពោលគឺលក់រហូតគ្រប់១ពាន់តោន ដែលអ្នកឧកញ៉ាបានសន្យាទិញពីប្រជាពលរដ្ឋ ខណៈដែលមកទល់ពេលនេះ ក្រុមការងារអ្នកឧកញ៉ាទើបតែប្រមូលទិញបានចន្លោះពី២០០ទៅ៣០០តោនតែប៉ុណ្ណោះ  ពោលគឺនៅតាមបណ្ដាខេត្តអាចបន្តលក់ចន្លោះ៧ថ្ងៃទៅ១០ថ្ងៃទៀត តាមស្ថានភាពជាក់ស្ដែង។ យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារទៅលក់ក្នុងតម្លៃខាតដើមជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុនេះ គឺដើម្បីឱ្យអ្នកកំពង់សោមបានភ្លក់រសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

គួររំលឹកផងដែរថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅពេលនេះ ស្របតាមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកស្ទួយ និងរកដំណោះស្រាយបញ្ហាខ្វះទីផ្សារជូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner