សម្ដេចតេជោ៖ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ សិស្ស និស្សិតនៅគ្រប់ភូមិសិក្សា បានទទួលនូវសេវាអប់រំតាមគ្រប់រូបភាព ទាំងការអប់រំតាមបែបឌីជីថល, ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណី

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានមានប្រសាសន៍ថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបអនុម័តជាផ្លូវការនូវគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតដែលមានគោលបំណងផ្ដល់ឱកាស និងគាំទ្រឱ្យប្រជាជនគ្រប់រូប ទទួលបានការសិក្សាតាមគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូល ស្របតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសង្គមពុទ្ធិ ។

សម្ដេចបន្តថា ជាក់ស្តែង នៅក្នុងអំឡុងពេលនៃការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ សិស្សានុសិស្ស និងនិស្សិតនៅគ្រប់ភូមិសិក្សា បានទទួលនូវសេវាអប់រំតាមគ្រប់រូបភាព រួមបញ្ចូលទាំងការអប់រំតាមបែបឌីជីថល, ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណី ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងការរៀបចំផលិត និងផ្សព្វផ្សាយវីដេអូ សម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីអក្ខរកម្ម, កម្មវិធីសមមូលបឋមសិក្សា, និងកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ព្រមទាំងមានការជួយសម្របសម្រួលពីមន្ត្រីអប់រំក ប្រព័ន្ធនៅតាមឃុំ សង្កាត់ អាជ្ញាធរដែនដី គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគណៈគ្រប់គ្រង មជ្ឈមណ្ឌលសិក្សាសហគមន៍ ក្នុងគោលដៅធានាឱ្យការរៀនសូត្ររបស់អ្នកសិក្សាមាននិរន្តភាព តាមរយៈ ការអនុវត្ត «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន» បានផ្ដល់ឱកាសដល់កម្មករ កម្មការិនីទាំងនៅក្នុង និងនៅ ក្រៅប្រទេស មានលទ្ធភាពបន្តការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ។

ម៉្យាងវិញទៀត អ្នកជាប់ឃុំឃាំងនៅ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅតាមរាជធានី ខេត្ត ក៏បានរៀនសូត្រនៅក្នុងកម្មវិធីថ្នាក់អក្ខរកម្ម ក្នុងគោលបំណងផ្ដល់ឱ្យពួកគាត់នូវចំណេះដឹង ជំនាញ មុខរបរ ចេះអាន ចេះសរសេរចេះគិតលេខ និងចេះ ដោះស្រាយបញ្ហាដែលពាក់ព័ន្ធជីវភាពរស់នៅ បន្ទាប់ពីទទួលបានសិទ្ធិសេរីភាព និងការធ្វើសមាហរណកម្មទៅ ក្នុងសង្គមជាតិវិញ។

សម្ដេចតេជោ បានបន្តទៀតថា ក្នុងឆ្នាំ២០២១នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “អក្ខរកម្មជា មូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ និងប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកស្តារឡើងវិញសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ ១៩។ ទស្សនាទាននៃប្រធានបទនៅឆ្នាំនេះ មិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្ធន្តប៉ុណ្ណោះទេ ប៉ុន្តបានគិតគូរដល់ឱកាស សម្រាប់ប្រជាពលរដ្ឋយើងទទួលបាននូវចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ មុខរបរ និងនវានុវត្តលើគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា និងអក្ខរកម្មឌីជីថល ដែលសព្វថ្ងៃ កំពុងមានភាពចាំបាច់ និងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

សម្ដេចបន្ថែមថា ទោះបីជាការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចជួបជុំប្រារព្ធទិវា អក្ខរកម្មជាតិ ៨ កញ្ញា ដោយផ្ទាល់មុខដូចសព្វដង ក៏ទិវាជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជា យុទ្ធនាការតាមប្រព័ន្ធអនឡាញ និងពីចម្ងាយតាមគ្រប់រូបភាព ក្នុងគោលបំណងបង្កើនការយល់ដឹងទូលំទូលាយ នៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋ គ្រប់រូប ដើម្បីចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩។

ក្នុងបរិការណ៍នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្ម ជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ជាពិសេសឈានទៅសម្រេចបាននូវគោលដៅប្រែក្លាយពលករដែល ប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញស្របតាមយុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូបសូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ជាថ្មីម្តងទៀត សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិត សាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអក្ខរកម្ម នាពេលកន្លងមក និងថ្លែងអំណរគុណដល់ជនរួមជាតិ ទាំងអស់ជាពិសេសមន្ត្រីសុខាភិបាលជួរមុខ កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសូមជនរួមជាតិទាំងអស់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣កុំ និង៣ការពារ ដើម្បីរួមចំណែកក្នុងការ បញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងស្រុងនៅកម្ពុជា ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner