ប្រមុខការទូតអាមេរិក៖ តាលីបង់មិនបានរារាំងអ្នកដែលមានឯកសារធ្វើដំណើរត្រឹមត្រូវចាកចេញពីអាហ្វហ្គានីស្ថានឡើយ

អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ថ្លែងថា តាលីបង់មិនរារាំងអ្នកដែលមានឯកសារធ្វើដំណើរត្រឹមត្រូវ ចំពោះការចាកចេញពីអាហ្វហ្គានីស្ថានទេ ប៉ុន្តែបានសារភាពថា ជើងហោះហើរមួយចំនួន រួមទាំងក្រុមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិមួយនៅភាគខាងជើងប្រទេសនេះត្រូវបានជាប់គាំង។

លោក អាន់តូនី ប្លីងគែន បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅទីក្រុងដូហា ប្រទេសកាតាថា វាជាការយល់ឃើញរបស់ខ្ញុំដែលថា តាលីបង់មិនបានបដិសេធចំពោះការចាកចេញរបស់អ្នកណាដែលមានឯកសារត្រឹមត្រូវនោះទេ ប៉ុន្តែពួកគេបាននិយាយថា អ្នកដែលគ្មានឯកសារត្រឹមត្រូវនៅពេលនេះ មិនអាចចាកចេញបានទេ។ ប៉ុន្តែដោយសារតែមនុស្សទាំងអស់នេះ ត្រូវបានដាក់ជាក្រុមជាមួយគ្នានោះមានន័យថា ជើងហោះហើរមិនត្រូវបានអនុញ្ញាតអោយទៅទេ។ បន្ថែមលើនេះ លោក ប្លីងគែន ក៏បានជំរុញឱ្យតាលីបង់គោរពតាមការសន្យារបស់ពួកគេ ដែលអនុញ្ញាតឱ្យមនុស្សដែលមានឯកសារត្រឹមត្រូវ អាចធ្វើដំណើរចាកចេញពីប្រទេសដោយសេរីផងដែរ។

ការកត់សម្គាល់ខាងលើនេះរបស់លោក ប្លីងគែន បានកើតមានឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ជនជាតិអាមេរិកចំនួន៤នាក់ត្រូវបានគេជម្លៀសចេញពីអាហ្វហ្គានីស្ថានចូលទៅក្នុងប្រទេសជាប់ព្រំដែន។ ប៉ុន្តែរបាយការណ៍បង្ហាញថា មនុស្សជាង១ពាន់នាក់ រួមទាំងជនជាតិអាមេរិកខ្លះនៅតែជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ ម៉ាហ្សា-អ៊ី-សារីហ្វ (mazar-i-sharif) ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន៕ ប្រភព៖ Politoco

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner