ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីកម្រងបាឋកថាស្តីពី «Cambodia & ASEAN and Cambodia as ASEAN

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីកម្រងបាឋកថាស្តីពី «Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022» ដែលរៀបចំដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវេលាម៉ោង ០៩: ០០ នាទីព្រឹក តាមរយៈប្រព័ន្ធវីដេអូ។

កម្រងបាឋកថាខាងលើមានទិសដៅ (១) លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងរវាងកម្ពុជា-អាស៊ាន (២) ផ្សព្វផ្សាយនូវតួនាទី និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ និង (៣) ចែករំលែកនូវឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩។ កម្រងបាឋកថានេះ នឹងរៀបចំឡើងជាបីវគ្គ ដែលវគ្គទីមួយសម្រាប់មន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វគ្គទីពីរសម្រាប់មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវគ្គទីបីសម្រាប់ក្រុមនិស្សិត និងយុវជន ដោយមានការអញ្ជើញផ្តល់បទឧទ្ទេសនាមដោយ ឯកឧត្តម ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងក្នុងពិធីបើកកម្រងបាឋកថានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយវាជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និង មជ្ឈភាពរបស់អាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងនូវបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិ និងជាពិសេសក្នុងស្ថានភាពដ៏តានតឹងនៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច និងបញ្ហាចំពោះមុខដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានចង្អុលបង្ហាញអំពីគុណសម្បត្តិអាស៊ានដោយបន្សល់នូវនិម្មាបនកម្មតំបន់សំខាន់ៗជាច្រើន ដែលជាមាគ៌ាធានា និងរក្សាបាននូវស្ថិរភាព និងវិបុលភាពតំបន់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការនានាដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានលើភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ទាំងបញ្ហាប្រឈមមិនប្រពៃណីដែលមានស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀតដែលអាស៊ានកំពុងជួបប្រទះ ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺកូវីដ-១៩។ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner