រដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល៎អាជ្ញាធររដ្ឋបាលស្រុកកំរៀង ត្រូវមានវិធានការរឹតបន្តឹងនិងធ្វើការបិទខ្ទប់តំបន់ផ្ទុះការឆ្លងកូវីដ19 និងកំណត់ ពីតំបន់ក្រហម នូវចំណុចទីតាំងនិងភូមិសាស្ត្រមានហានិភ័យខ្ពស់
ក្រោយមានការផ្ទុះនៃការឆ្លងកូវីដ-19 ក្នុងផ្សារកំរៀង ដែលរកឃើញចំនួនអ្នកឆ្លងជាង១០០នាក់ក្នុងចំណោម អ្នកដែលបានធ្វើតេស្តជិត៤០០នាក់ត្រូវបានអាជ្ញាធរស្រុកកំរៀងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តបាត់ដំបង ដើម្បីស្នើសុំបិទផ្អាកមួយរយៈ ក្នុងការបិទមិនឲ្យរថយន្តតូចចេញចូលឆ្លងកាត់ច្រកអន្តរជាតិដូង មួយរយៈជាបណ្តោះអាសន្ន ដោយសារតែមានករណីផ្ទុះឆ្លងសហគមន៍នៅក្នុងផ្សារខាងលើ។ នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយក្នុងនោះអាជ្ញាធរស្រុកកំរៀង សហការជាមួយក្រុមគ្រូពេទ្យការិយាល័យស្រុកប្រតិបត្តិសំពៅលូន(OD) នៅថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២១នេះបានធ្វើតេស្តរហ័សទៅលើអាជីវករនៅផ្សារខេ.អ.ឌី ឬ ហៅថា៖ផ្សារកំរៀង ព្រមទាំងអ្នកពាក់ព័ន្ធ ចំនួន ៣៧៩នាក់ ក្នុងនោះ៖បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-19 ចំនួន១៣៤នាក់។
តាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ ករណីឆ្លងនេះ ត្រូវបានរកឃើញតាមរយៈរថយន្តតូច ដែលដឹកគ្រឿងសមុទ្របង្គារ ចេញពី”ផ្សារឡែម” នៅឯខាងប្រទេសថៃ ដែលបានដឹកយកមកលក់នៅក្នុងផ្សារ (ខេ.អ.ឌី) ឬផ្សារកំរៀង និងពីអាជីវករខ្មែរដែលបានចេញចូលទៅផ្សារឡែមហើយជាប្រភពពីការចម្លងបើទោះបី រយៈពេល៧២ម៉ោង ត្រូវបានធ្វើតេស្តម្តងទៀត។ក៏ ប៉ុន្តែអាជីវករខ្លះ ពេលចូលមក ធ្វើតេស្តអវិជ្ជមាន និងអត់ត្រឡប់ទៅផ្សារឡែមវិញ។ក្រោយមកក៏មាន”វិជ្ជមានកូវីដ”នៅក្នុងខ្លួនដោយមិនបានដឹងជាមុន ហើយក៏ចាប់ផ្តើម ចម្លងតៗគ្នា ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានឲ្យដឹងបន្ថែមថានៅថ្ងៃស្អែកនេះក្រុមគ្រូពេទ្យនឹងបន្តយកសំណាកអ្នកពាក់ព័ន្ធនៅតាមលំនៅឋានជាបន្តទៀត ប្រមាណ ៦០០នាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-19 ។
ឯកឧត្តមក៏បានបញ្ជាក់ឲ្យដឹងដែរថា៖ ក្រោយពីមានការផ្ទុះជំងឺកូវីដក្នុងសហគមន៍នៅទីនោះ រដ្ឋបាលស្រុកកំរៀង ក៏បានស្នើសុំគោលការណ៍ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីធ្វើការបិទការចេញចូលរថយន្តតូចៗ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង មួយរយៈសិន ពី៧ថ្ងៃ ឬ១០ថ្ងៃ ដើម្បីធ្វើការទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-19។
ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានថ្លែងប្រាប់ឲ្យដឹងនៅព្រលប់ៗថ្ងៃដដែលនេះថា៖ ការស្នើសុំរបស់អាជ្ញាធរស្រុកកំរៀង រដ្ឋបាលខេត្តមិនឯកភាពទេ។តែឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានកំណត់និងធ្វើការណែនាំដល៎អាជ្ញាធររដ្ឋបាលស្រុកកំរៀង ដោយកំណត់នូវវិធានការបន្ទាន់និងត្រូវមានវិធានការរឹតបន្តឹងធ្វើការបិទខ្ទប់នូវតំបន់ដែលមានការផ្ទុះឆ្លងកូវីដ-19 និងកំណត់ពីតំបន់ក្រហម នូវចំណុចទីតាំងណាដែលមានហានិភ័យខ្ពស់ និងបន្តរុករកអ្នកពាក់ព័ន្ធ ដើម្បីប្រកាសឲ្យចេញមកធ្វើតេស្តសំណាកដើម្បីរកមេរោគកូវីដ-19។
សូមបញ្ជាក់ថា៖ ក្រោយពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-19 រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ19 សរុបចំនួន ៦.៣៨១នាក់ ព្យាបាលជាសះស្បើយចំនួន៥.២៨៦នាក់និងកំពុងតែសម្រាកព្យាបាល ចំនួន ១.០០៨នាក់ និងស្លាប់កើនឡើងចំនួន៨៧នាក់៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )