ប្រមុខការទូតអាមេរិកស្នើតាលីបង់អនុញ្ញាតអោយយន្ដហោះដឹកអ្នកដំណើរ ចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព

ប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវសាជាថ្មីដល់ក្រុមតាលីបង់អនុញ្ញាតឱ្យយន្ដហោះដឹកពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះមួយចំនួនចាកចេញពីដោយសុវត្ថិភាព។

លោក Blinken បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយសម្រួលឱ្យយន្ដហោះដែលកំពុងជាប់គាំងចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព តែក្រុមតាលីបង់ទៅវិញទេ ដែលមិនទាន់អនុ ញ្ញាតឱ្យជើងហោះហើរទាំងនេះចាកចេញ។ លោក Blinken បន្ថែមថា សហរដ្ឋអាមេរិកបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់គ្រប់ភាគីទាំងអស់ រួមទាំងក្រុមតាលីបង់ថា ជើងហោះហើរដែលកំពុងជាប់គាំង ចាំបាច់ត្រូវតែចាកចេញដោយសុវត្ថិភាព។ យ៉ាងណាក៏ដោយ ក្រុមតាលីបង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹងការលើកឡើងរបស់លោក Blinken នៅឡើយទេ។

ការកត់សម្គាល់ខាងលើរបស់ប្រមុខការទូតអាមេរិករូបនេះ កើតមានឡើងបន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរមួយចំនួនកំពុងជាប់គាំងនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Mazar-i-Sharif ខណៈមានការអះអាងខ្លះថាក្រសួងការបរទេសអាមេរិកមិនបានប្រឹងប្រែងឱ្យគ្រប់គ្រាន់ដើម្បីសម្រួលដល់ការចាកចេញរបស់អ្នកដំណើរទាំងនោះទេ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner