អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា ១០លានរៀល ម៉ាស៥កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ ។

បន្ទាប់ពីទស្សនារូបភាពសកម្មភាពរបស់អង្គការ ដោយមានការណែនាំរបៀបរបបការងារ ការបែងចែកអាហារជូនកុមារ និងគម្រោងផែនការថ្មីដើម្បីជួយកុមារតាមទីសាធារណៈរួចមក លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១កាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារដែលបានជួយជាស្បៀងអាហារ ដល់កុមារទុរគត។ លោកជំទាវអគ្គលេខាធិការរងទី១ មានក្តីរំភើបរីករាយ ពេលដែលបានស្តាប់ ប្រវត្តិកុមារីកំព្រាគ្មានទីពឹង បានក្លាយជាយុវនារី បានរៀនសូត្រ និងទៅសិក្សានៅក្រៅប្រទេសថែមទៀត និងកុមារផ្សេងៗទៀត និង
អរគុណក្មួយៗ យុវជន ដែលទទួលបាន ការជួយផ្គត់ផ្គង់ពីអង្គការ ហើយពេលនេះបានមកជួយបម្រើអង្គការវិញ ធ្វើកិច្ចការចែករំលែកក្តីស្រឡាញ់ដល់កុមារៗជំនាន់ក្រោយៗទៀត។

លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវថវិកា និងគ្រឿងឧបភោគបរិភោគទាំងនេះ។ លោក ង៉ូវ ឈីវ បន្ថែមទៀតថា បច្ចុប្បន្នអង្គការផ្ទះបាយកុមារ បានជួយស្បៀងអាហារ នៅកុមារតាមសាធារណៈ មាន៨តំបន់ក្នុងរាជធានីភ្នំពេញ និង៣តំបន់ទៀតក្នុងខេត្តកំពង់ស្ពឺ ហើយអង្គការផ្ទះបាយកុមារបានប្តូរពីការចំអិនអាហារឲ្យកុមារញាំនៅផ្ទះបាយទៅជាយកស្បៀងចែកកុមារដល់លំនៅដ្ឋានកុមារវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយទាំងអស់រួមមាន ៖ អង្ករ ៣តោន, មី ២០០កេស, ត្រីខ ១៥កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ អំបិល ១០០គីឡូក្រាម ប្រេងឆា ៣កេស ទឹកបរិសុទ្ធ ២០កេស ភេសជ្ជៈ ១០០កេស ម៉ាស់ចំនួន ៥កេស និងថវិកា ១០.០០០.០០០រៀល៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner