ត្រឹមរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមតាលីបង់ប្រកាសសមាសភាពរដ្ឋាភិបាលបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងអាហ្វហ្កានីស្ថាន 🇦🇫 វបត្តិមនុស្សធម៌ និងភាពតានតឹងរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានលេចឡើងជាបន្តបន្ទាប់

អត្ថបទដោយ៖
AMS OneMinute

មានការរាយការណ៍ជាច្រើនថា ក្រុមតាលីបង់បានធ្វើការបង្ក្រាបបាតុកម្មតូចៗមួយចំនួននៅទូទាំងប្រទេស ហើយបានចាប់ខ្លួនបាតុករ និងអ្នកសារព័ត៌មានអាហ្វហ្កានីស្ថានដែលរាយការណ៍អំពីបាតុកម្មនេះជាច្រើននាក់ដាក់ពន្ធនាគារ ព្រមទាំងប្រើអំពើហិង្សាទៅលើបុគ្គលទាំងនោះទៀតផង។ ការបង្ក្រាបយ៉ាងឃោរឃៅរបស់ក្រុមតាលីបង់ បានបំផ្លាញទំនុកចិត្តសាធារណៈថែមមួយកម្រិតទៀត។

ក្រុមតាលីបង់ក៏កំពុងជួបការលំបាកក្នុងការដោះស្រាយភាពតានតឹងជាមួយប៉ាគីស្ថាន។ ប៉ាគីស្ថានបានបាញ់គ្រាប់ផ្លោងទៅលើគោលដៅក្រុមភេរវកម្ម នៅខេត្ត Khunar ជាប់ព្រំដែនអាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន។ ការវាយប្រហារនេះ បានធ្វើឱ្យមនុស្ស ៤នាក់រងរបួស ដែលក្នុងនោះមានកុមារម្នាក់។

រដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់ តែងពឹងផ្អែកលើជំនួយពីសមាគមអន្តរជាតិ ក្រោមលក្ខខណ្ឌផ្សេងៗ ដូចជាការប្ដេជ្ញាថាត្រូវប្រឆាំងក្រុមភេរវកម្មជាដើម។

លក្ខខណ្ឌនេះអាចនឹងមានការលំបាកដល់រដ្ឋាភិបាលតាលីបង់ ដោយសារក្រុមតាលីបង់បានធ្វើការដោះលែងសមាជិកក្រុមភេរវកម្មជាច្រើន ហើយក៏នៅរក្សាទំនាក់ទំនងជិតស្និតជាមួយក្រុមភេរវកម្មអាល់កៃដា។

ប្រភព៖ New York Times

ads banner