ក្រសួងទេសចរណ៍អបអរសារទរ និងទទួលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០!

ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលនៃប្រទេសមហាអនុតំបន់មេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមមូលបទ “ការពង្រឹងភាពខ្លាំង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទស្សវត្សរ៍ថ្មី”។ កិច្ចប្រជុំបានជំរុញកិច្ចសហប្រតិបត្តិការលើការអនុវត្តកម្មវិធី GMS និងបានអនុម័តឯកសារសំខាន់ៗចំនួន ២ រួមមាន៖ (១) ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ ២០៣០ (GMS 2030) សម្រាប់ដឹកនាំកម្មវិធី GMS នៅក្នុងទសវត្សរ៍ថ្មី និង (២) ការឆើ្លយតបនឹងជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញ ឆ្នាំ២០២១-២០២៣ ដែលជាឯកសារយុទ្ធសាស្ត្របំពេញបន្ថែមដល់យុទ្ធសាស្ត្រ GMS ២០៣០ ផ្តោតលើការគាំទ្រដល់ការស្តារឡើងវិញនៃប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចនៃអនុតំបន់ក្នុងរយៈពេលមធ្យម។

ចំពោះវិស័យទេសចរណ៍ ការអនុម័តឯកសារយុទ្ធសាស្ត្រទាំងពីរខាងលើ បានចង្អុលបង្ហាញពីទិសដៅសំខាន់របស់ប្រទេសជាសមាជីក GMS ក្នុងវិស័យទេសចរណ៍ ដោយជំរុញបង្កើតនូវកាលានុវត្តភាពក្នុងវិស័យទេសចរណ៍ឲ្យកាន់តែរលូន និងមានសុវត្ថិភាព តាមរយៈការបន្តអនុវត្តគម្រោងគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី១ និងទី២ ការអនុវត្តគម្រោងស្តារឡើងវិញសហគមន៍ទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ បន្តដាក់ចុះវិធានការបន្ទាន់នានាឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ និងជំរុញអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០១៦-២០២៥ ដែលដឹកនាំដោយក្រុមការងារទេសចរណ៍ (TWG) និងការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)។ បន្ថែមលើសពីនេះទៀតតាមរយៈយុទ្ធសាស្ត្រខាងលើ យើងរំពឹងថាវិស័យទេសចរណ៍នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) នឹងមានលក្ខណៈល្អប្រសើរជាលំដាប់នៅក្រោយវិបត្តិ សំដៅប្រែក្លាយតំបន់ GMS ជាតំបន់ប្រកបដោយសុខុដុមនីយកម្ម ការទទួលសុខត្រូវ និងបរិយាប័ន្ន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner