ឯកឧត្តម នេត្រ ភក្រ្តា៖ សាលារៀន និងគ្រឹះស្ថានអប់រំជាកន្លែងប្រមូលផ្តុំក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន

រាជធានីភ្នំពេញ៖«សាលារៀន និងគ្រឹះស្ថានអប់រំជាកន្លែងប្រមូលផ្តុំមានលក្ខណៈ ងាយ ស្រួលក្នុងការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុង ចំណោមកុមារ សិស្សានុសិស្ស និងយុវជន ផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន»។ នេះគឺជាថ្លែងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា ។

ថ្លែងនៅក្នុងពិធីប្រគល់ ជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានជូនដល់សាលាបឋមសិក្សាវត្តចែង ស្ថិតនៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបនៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២១នេះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថាសាលាវត្តចែងបានទទួលនូវជ័យលាភីមេដាយមាសក្នុងការប្រកួតប្រជែងសាលាមេត្រីបរិស្ថាននេះគឺបង្ហាញពីកិច្ចខិតខំប្រឹង ប្រែង និងគំនិតច្នៃប្រឌិតខ្ពស់ និងភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំសាលាដោយមានការចូលរួមគាំទ្រពីសិស្សានុសិស្ស មាតាបិតា សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាពិសេសរដ្ឋបាលខេត្តបាត់ដំបងដែលបានចូលរួមគាំទ្រអនុវត្តនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការខិតខំ ប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ឥឡូវនេះបានទទួលផ្លែផ្កាគឺការទទួលបានជ័យលាភីមេដាយមាសសាលាមេត្រី បរិស្ថានដែលនេះជាមោទកភាពរបស់ខេត្តបាត់ដំបង និង ជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការ កសាងថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ គុណភាព មានមេត្រីភាពបរិស្ថាន និងផាសុកភាព។

ជាមួយគ្នា ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា សាលាមេត្រីភាពបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ឥរិយាបថលើបរិស្ថាន និងបានចូលរួមអប់រំបណ្តុះស្មារតី ស្រឡាញ់ និងគោរពបរិស្ថានកាន់តែខ្លាំងឡើងក្នុង ចំណោមប្រជាជន និងក្តាប់នូវមោទកភាពជាតិ គុណភាពបរិស្ថាននិងនិរន្តរភាពបរិស្ថានត្រូវបានធានា ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានលើកឡើងដោយបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ឯកឧត្តមបានលើកឡើងថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននឹងជាផ្នែកមួយនៃការចូលរួមអនុវត្តគោលនយោ បាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពលើចំណុចទី៦ ដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែ«មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ»ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងទៅកាន់ អាជ្ញាធរស្រុក-ក្រុងក្នុងខេត្តដោយជំរុញឱ្យបន្តខិតខំរៀនសូត្រពីគម្រូរបស់សាលាបឋមសិក្សាវត្តចែង ដើម្បីយកទៅធ្វើការ ផ្សព្វផ្សាយនិងរៀបចំក្នុងស្រុកក្រុងរបស់ខ្លួនឲ្យបានក្លាយជាសាលាគម្រូប្រកបដោយបរិស្ថានអនាម័យ និងសោភ័ណភាពល្អ ក្នុងស្រុកក្រុងរបស់ខ្លួនឲ្យបានល្អប្រសើរថែមទៀត ដើម្បីឈានឆ្ពោះចូលរួមប្រកួតប្រជែងក្នុងការដណ្តើជ័យលាភីសាលាមេត្រីបរិស្ថាន នៅបណ្តាឆ្នាំខាងមុខទៀត។

ដោយឡែក លោកនាយកសាលាបឋមសិក្សាវត្តចែងដែលទទួលបានជ័យលាភីបានបង្ហាញនូវមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារហូត ទទួលបានការទទួលស្គាល់ថ្នាក់ជាតិថាជាសាលាដែលមានមេត្រីភាពបរិស្ថាន។ ទន្ទឹមនឹងគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការប្រកួតប្រជែងសាលាមេត្រីបរិស្ថានដែលក្រសួងបរិស្ថាននិងក្រសួងអប់រំបានសហការរៀបចំនេះ មិនមែនជាការបន្តុះបង្អាប់ចំពោះសាលារៀនដែលមិនបានទទួលជ័យលាភីសាលាមេត្រីបរិស្ថាននោះទេ តែនេះគឺជាចលករជំរុញ និងលើកទឹកចិត្តបន្ថែមដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ ថែរក្សា និងគាំពារបរិស្ថាន ហើយក៏ជាឱកាសចែករំលែកបទពិសោធនិងរៀនសូត្រឧត្តមានុវត្តពីគ្នាទៅវិញទៅមកផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Smart បានឧបត្ថម្ភដល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានទាំង៦៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner