កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាង៨៧ម៉ឺនតោនទៅកាន់ប្រទេសចំនួន១១ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា គ្រាប់ស្វាយចន្ទីមានចំនួន៨៧ម៉ឺន៦ពាន់៥២១,១៩តោន បាននាំចេញទៅបណ្ដាប្រទេសចំនួន១១ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ កើនឡើងចំនួន ៣៤០,៦១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ប្រទេសដែលកម្ពុជានាំចេញមានដូចជា៖ វៀតណាមចំនួន ៨៦ម៉ឺន៩ពាន់៥៤០តោន ចិនចំនួន ៣ពាន់៦៣៩,៥០តោន ថៃចំនួន ៣ពាន់២៣០,៤០តោន ជប៉ុនចំនួន៤៣,៦៧តោន ឥណ្ឌាចំនួន ១៧តោន កូរ៉េចំនួន ១៦,៨៨តោន អារ៉ាប់ចំនួន ១៤,៥១តោន ហូឡង់ចំនួន ៨,២១តោន បង់ក្លាដែសចំនួន ៧តោន ឡាវចំនួន ៤តោន តូហ្គោចំនួន ០,០១តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញកសិផលសរុបរបស់កម្ពុជា មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥%។ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧% ដោយសារកង្វះទូកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

