សម្តេចតេជោ និងឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ កញ្ញា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ប្រទេសចិន ។ ពិធីនេះគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសដែល ឯកឧត្តម Wang Yi អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១២-១៣ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។
អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់នៅថ្ងៃទី៨ កញ្ញា ថា ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់ឯកឧត្តម វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំងរបស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារ និងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកមកកម្ពុជា បន្ថែមទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បានរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ តាមគម្រោងត្រូវចំណាយថវិកាសាងសង់ ក្នុងចន្លោះពី ១០០ ទៅ ២០០លានដុល្លារជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា មានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ ។
សូមបញ្ជាក់ថា បើតាមការលើកឡើង របស់ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេស នឹងធ្វើដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអាស៊ី ចំនួន ៤ នាសប្ដាហ៍ក្រោយនេះ ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ។ ប្រទេសអាស៊ីទាំង ៤នោះ រួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ៕ ដោយ វណ្ណលុក