ឧត្តមមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំ ឧត្តមមន្រ្តីការងារអាស៊ាន លើកទី១៧ និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី១៩

ភ្នំពេញ៖ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ និងជាតំណាងឧត្តមមន្រ្តីការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី១៧ (17th SLOM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី១៩ (19th SLOM+3) នាថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំទាំងពីរនេះ រៀបចំឡើងដោយសាធារណរដ្ឋវៀតណាមជាម្ចាស់ផ្ទះ និងដឹកនាំដោយសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានប្តូរវេននៃ SLOM ឆ្នាំ២០២០-២០២២ និងសហការជាមួយលេខាធិការដ្ឋានអាស៊ាន ហើយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ឧត្តមមន្រ្តីការងារនៃប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ អង្គភាពតាមវិស័យក្រោម SLOM និងភាគីពាក់ព័ន្ធផ្សេងៗទៀត ប្រមាណ៧០នាក់។

នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី១៧ អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងារ និងសកម្មភាពរបស់អង្គភាពតាមវិស័យក្រោមដែនអាណត្តិរបស់ SLOM ដូចជា ACMW, SLOM-WG, ASEAN-OSHNET, AQRF, ATC និងលទ្ធផលកិច្ចប្រជុំអាស៊ានពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ អង្គប្រជុំក៏បានពិនិត្យលើឯកសារអាស៊ានសំខាន់ៗក្នុងវិស័យការងារ ក៏ដូចជាពិភាក្សាលើមតិយោបល់ និងចំណុចអាទិភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសកម្មភាពក្រោមផែនការការងារ SLOM និងការអភិវឌ្ឍវិស័យការងារ នៅក្នុងតំបន់អាស៊ាន។ ក្នុងនោះផងដែរ ឯកឧត្តម សោម ចំណាន ជាតំណាងឧត្តមមន្រ្តីកម្ពុជា បាន លើកឡើងជូនអង្គប្រជុំ អំពីវិស័យអាទិភាពរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ ២០២២ ផងដែរ។

សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី១៩ អង្គប្រជុំបានស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រទេសចិន ជប៉ុន និងកូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតនាពេលកន្លងមក។ អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ជាពិសេសគម្រោង និងសកម្មភាពដែលបានកំពុង និងគ្រោងនឹងអនុវត្តក្នុងក្របខ័ណ្ឌអាស៊ានបូកបី ក៏ដូចជាបញ្ហាផ្សេងៗទៀត ដែលជាអាទិភាពរបស់បណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសបូកបី។

ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះផងដែរ អង្គប្រជុំបានផ្តល់ការឯកភាពលើឯកសារអាស៊ានសំខាន់ៗមួយចំនួន ដូចជាសេចក្តីព្រាងសេចក្តីថ្លែងការណ៍ លក្ខខណ្ឌយោង ឯកសារទស្សនទាន សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន និងកិច្ចប្រជុំ កំពូលអាស៊ានអនុម័ត។ កិច្ចប្រជុំក៏បានប្រគល់តំណែងជូនប្រទេសហ្វ៊ីលីពីន ជាប្រធានប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៧ កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានលើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២។

សូមជម្រាបជូនថា កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ាន (Senior Labour Official Meeting-SLOM) ជាកិច្ចប្រជុំថ្នាក់តំបន់អាស៊ាន ដែល ត្រូវបាន រៀបចំ ឡើងជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអនុអង្គភាព (Subsidiary Bodies) មួយ ចំនួនទៀតដូចជា SLOM-WG, ACMW និង ASEAN-OSHNET ដើម្បី៖
១. ជួយសម្រួល និងគាំទ្រដល់រដ្ឋមន្ត្រីការងារអាស៊ាន (ALMM) ក្នុងការឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ក៏ដូចជាបេសកកម្ម អាណត្តិ និងកម្មវិធីការងាររបស់រដ្ឋមន្រ្តីការងារអាស៊ាន។

២. ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការអនុវត្តកម្មវិធីសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បី ជួយបង្កើនសុខដុមនីយកម្ម, បង្កើនផលិតភាពការងារ, ជំរុញការប្រើប្រាស់ធនធានមនុស្សដោយសមស្រប, បង្កើតឱកាសការងារកាន់តែច្រើន និង បង្កើនគុណភាពជីវិតកម្មករឱ្យកាន់តែប្រសើរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner