ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១,២៥០ម៉ែត្រ

ខេត្តកែប ៖ នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១,២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ ៣៣ កាត់ខាងក្រោយវត្តកែវក្រសាំង ឆ្ពោះទៅផ្លូវជាតិលេខ ៣៣អា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ។

ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ពិធីបើកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនេះ គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសំរាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការចូលរួមចំណែក កែលម្អ សោភ័ណ្ឌភាព ក្នុងក្រុងកែប របស់យើងផងដែរ ។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង ។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទៅកាន់ឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ បានយ៉ាងឆាប់រហ័ស និងងាយស្រួល ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការគ្នា ថែរក្សា និងដាំដើមឈើ នៅតាមបណ្ដោយផ្លូវនេះ ដើម្បីបង្កើតនូវសោភ័ណភាព និងជាប្រយោជន៍សាធារណ:បានយូរអង្វែងផងដែរ ។

ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ឪពុកម្ដាយ ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគា្ន និងត្រូវចូលរួមអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ ដើម្បីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner