ព្យុះទីហ្វុងចន្ធូកាត់ផ្ដាច់ថាមពលអគ្គិសនី និងបង្កជាទឹកជំនន់នៅភាគខាងជើងហ្វីលីពីន
ព្យុះទីហ្វុងចន្ធូបានបង្កឱ្យប្រជាជនហ្វីលីពីននៅប្រជុំកោះ Batanes ដែលស្ថិតនៅភាគខាងជើងបង្អស់នៃប្រទេស រស់នៅជាមួយនឹងទឹកជំនន់ និងបន្តគ្មានចរន្តអគ្គិសនី។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរ។
ព្យុះនេះបានបោកបក់ប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ ហើយការិយាល័យអាកាសធាតុហ្វីលីពីនបានចាត់ចំណាត់ថ្នាក់ខ្យល់ព្យុះនេះថាជា ព្យុះកម្រិតទី៥ ដែលជាកម្រិតដ៏ខ្ពស់ និងប្រកបដោយហានិភ័យធំមួយ។
«នេះស្ថិតក្នុងចំណោមព្យុះដ៏មានឥទ្ធិពលមួយ ដែលខ្ញុំធ្លាប់ជួប»។ នេះបើតាមការលើកឡើងរបស់លោក Dennis Ballesteros Valdez ដែលជាអ្នករស់នៅខេត្ត Batanes ប្រទេសហ្វីលីពីន ដែលជាតំបន់ជួបខ្យល់ព្យុះញឹកញាប់។
មនុស្សប្រមាណ ១១ ០០០នាក់បានប៉ះពាល់ពីគ្រោះធម្មជាតិនេះ ខណៈច្រើនជាង ១ពាន់នាក់នៅកំពុងស្នាក់នៅមណ្ឌលជម្លៀសនៅឡើយ តែមិនទាន់មានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ ឬ របួសទេ។ នេះបើតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន។
បើតាមការិយាល័យអាកាសធាតុ ហ្វីលីពីនមួយឆ្នាំៗជួបព្យុះទីហ្វុងជាមធ្យម ២០ដងឯណោះ៕