តើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារនៅប៉េកាំង ឆ្នាំ២០២២ គួររៀនអ្វីខ្លះពីព្រឹត្តិការណ៍នៅតូក្យូ?
ទីក្រុងស៊ាំងស៊ី មានទីតាំងនៅខេត្តសានអានភាគពាយ័ព្យ ដែលជាកន្លែងគ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារនៅប៉េកាំង ឆ្នាំ២០២២ បានរឹតបន្តឹងវិធានសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដើម្បីត្រៀមទទួលអ្នកចូលទស្សនារាប់ម៉ឺននាក់ ដែលមានចំនួនស្មើនឹងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃ ពុធ រហូតដល់ថ្ងៃទី ២៧ ខែ កញ្ញា ខាងមុខនេះ។
ព្រឹត្តិការណ៍ ដែលតែងរៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្តងនេះ នឹងក្លាយជាការប្រកួតកីឡាដ៏ធំដំបូងបង្អស់ ដែលអនុញ្ញាតឱ្យអ្នកគាំទ្រលើកទឹកចិត្តដល់អត្តពលិក ដោយផ្ទាល់ក្នុងសម័យកូវីដ។ ទោះយ៉ាងណាក្ដី ទស្សនិកជន ដែលមានវ័យជំទង់ និងមនុស្សពេញវ័យនានា ដែលចូលរួមត្រូវតែជាអ្នកចាក់វ៉ាក់សាំងហើយ និងបានផ្ដល់ភស្ដុតាងតេស្តអវិជ្ជមាននៅក្នុង ៧២ ម៉ោងមុនចូលរួមក្នុងព្រឹត្តិការណ៍។
ព្រឹត្តិការណ៍នេះ ក៏អាចជះឥទ្ធិពលដល់ពិធីការទប់ស្កាត់កូវីដ សម្រាប់កីឡាអូឡាំពិកប៉េកាំងនៅខែ កុម្ភៈ ឆ្នាំក្រោយ ហើយប្រសិនបើ ពិធីការនេះទទួលបានជោគជ័យ សបញ្ជាក់ឱ្យឃើញថា គោលការណ៍«មិនយោគយល់គ្នា» របស់អាជ្ញាធរ ដែលបានអនុវត្តលើការរឹតត្បិតយ៉ាងតឹងរ៉ឹងលើការធ្វើដំណើរ និងការត្រួតពិនិត្យព្រំដែន ការបិទខ្ទប់ ការធ្វើតេស្តទ្រង់ទ្រាយ និងការចាក់វ៉ាក់សាំង មានប្រសិទ្ធិភាពឬយ៉ាងណា។
លោក Ma Guanghui អនុប្រធានគណៈកម្មការសុខភាពនៅទីក្រុងស៊ាំងស៊ី បាននិយាយនៅចុងខែ កក្កដា ថា នៅពេលការប្រកួតប្រព្រឹត្តទៅ ទីក្រុងនេះនឹងធ្វើតេស្តលើប្រជាជនជិត ២០ លាននាក់ ចាប់តាំងពីដើមឆ្នាំ និងបានចាក់វ៉ាក់សាំង ៨០ ភាគរយលើមនុស្សពេញវ័យក្នុងតំបន់នេះផងដែរ។
លោកក៏បាន បញ្ជាក់ផងដែរថា ការរាតត្បាតនៃករណីនៅចិនដីគោកនាពេលថ្មីៗនេះ រួមទាំងការរីករាលដាលនៃវ៉ារ៉្យង់ដែលតា (ដែលធ្វើឱ្យមានការឆ្លងប្រហែល ៤០០ ករណី នៅឯកីឡាអូឡាំពិកតូក្យូ) បានបង្ហាញពីហានិភ័យ ដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរការនៃរៀបចំព្រឹត្តិការណ៍នេះ។
លោក Ma បាននិយាយថា៖ «មានអត្តពលិក និងមន្រ្តីបច្ចេកទេសចំនួន ២ ម៉ឺននាក់ ដែលនឹងត្រូវមក ដល់ខេត្តស៊ាំងស៊ី ហើយយើងរំពឹងថា អ្នកទស្សនារាប់សែននាក់នឹងមកទស្សនាការប្រកួតផ្ទាល់ ដូច្នេះក្រុមការងារយើង នឹងមិនបន្ថូរបន្ថយការអនុវត្តវិធានសុវត្ថិភាពទេ»។
ឧបនាយករដ្ឋមន្រ្តី លោកស្រី Sun Chunlan ក៏បានទៅត្រួតពិនិត្យស្ថានភាពទីក្រុងដដែល កាលពីដើមខែនេះ ដើម្បីធានាថា ព្រឹត្តិការណ៍នឹងដំណើរការទៅតាមវិធានសុវត្ថិភាព និងបានព្រមានមន្រ្តីឱ្យរក្សាការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត។
លោកស្រី បាននិយាយថា ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ត្រូវតែមានជាធរមាន នៅពេលមានការផ្លាស់ប្តូរអត្តពលិក គ្រូបង្វឹក និងបុគ្គលិកបច្ចេកទេស រវាងកន្លែងបិទទ្វារ និងកីឡាដ្ឋាន ហើយលោកស្រី បានប្រាប់មន្រ្តីឱ្យពង្រឹងការត្រួតពិនិត្យនៅមជ្ឈមណ្ឌលដឹកជញ្ជូន ដូចជា ព្រលានយន្តហោះ និងស្ថានីយ៍រថភ្លើង ក៏ដូចជា នៅក្នុងសណ្ឋាគារ និងតំបន់ទេសចរណ៍ផងដែរ។
យ៉ាងណាមិញ ជើងហោះហើរអន្តរជាតិចំនួន ១៥ តែប៉ុណ្ណោះ ដែល អនុញ្ញាតឱ្យចុះចតនៅទីក្រុងនេះ រៀងរាល់សប្តាហ៍ ហើយអ្នកដំណើរមកពីក្រៅប្រទេសចិនដីគោក រួមទាំងអត្តពលិកហុងកុង ដែលត្រូវមក ប្រកួត ក៏តម្រូវឱ្យឆ្លងកាត់ការធ្វើចត្តាឡីស័ក រយៈពេល ២១ ថ្ងៃ និងត្រូវដាក់ឱ្យនៅដាច់ ដោយឡែកពីគេ ៧ ថ្ងៃ។
ដោយឡែក សម្រាប់អ្នកទេសចរក្នុងស្រុក ដែលមកពីតំបន់មានហានិភ័យមធ្យម ឬ ខ្ពស់នឹងត្រូវដាក់ឱ្យ នៅដាច់ពីគេរយៈពេល ១៤ ថ្ងៃ ខណៈអ្នក ដែលមកពីទីក្រុង ដែលមានហានិភ័យទាប ត្រូវផ្តល់ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ែរអវិជ្ជមានក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីចូលទីក្រុងនេះ។
គោលដៅទេសចរណ៍សំខាន់ៗរួមមានសារមន្ទីរកងទ័ព Terracotta និងវិមាន Huaqing ដែលនៅក្បែរនោះត្រូវបានបិទចាប់តាំងពីចុងខែកក្កដាខណៈអ្នកបើកតាក់ស៊ីនិយាយថាពួកគេត្រូវបានធ្វើតេស្តរៀងរាល់ពីរសប្តាហ៍ម្តង។
ទន្ទឹមនឹងនេះ អ្នកចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ ក៏ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជាប្រចាំមុនថ្ងៃ ព្រឹត្តិការណ៍ផ្លូវការប្រព្រឹត្តទៅផងដែរ។
លោក Patrick Yung Shu-hang ប្រធាននាយកដ្ឋានវះកាត់ឆ្អឹង និងរបួសនៅសាកលវិទ្យាល័យចិនហុងកុង បាននិយាយថា នេះគឺដោយសារតែស្ថានភាពកូវីដ-១៩ ក្នុងស្រុក ត្រូវគ្រប់គ្រងយ៉ាងតឹងរឹងជាងមុន ដោយផ្ដោតលើការចាក់វ៉ាក់សាំង និងការធ្វើតេស្តដល់អ្នកទស្សនា ពោលគឺតឹងរឹងជាងកម្មវិធីប្រកួតវាយកូនបាល់ US Open ឬ ការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេសទៀត។
លោក Kenji Shibuya សាស្រ្តាចារ្យមកទស្សនកិច្ចនៅនាយកដ្ឋានគោលនយោបាយសុខភាពសកលនៅទីក្រុងតូក្យូ បាននិយាយថា នៅទីក្រុងតូក្យូ មានអត្រាឆ្លងទាបក្នុងចំណោមអត្តពលិកនៅក្នុងភូមិអូឡាំពិក ដោយសារការធ្វើតេស្តញឹកញាប់ និងអត្រាចាក់វ៉ាក់សាំងខ្ពស់ ប៉ុន្តែ ការកើនឡើងយ៉ាងឆាប់រហ័ស គឺករណីនៅខាងក្រៅភូមិ។
លោក បានបន្តថា៖ «ជាក់ស្តែង មានមេរៀន ២ ដែលយើងគួររៀនពីព្រឹត្តិការណ៍ប្រកួតកីឡាតូក្យូ។ ទីមួយ ការត្រួតពិនិត្យ និងបង្ក្រាបការឆ្លងក្នុងសហគមន៍ គឺជាការចាំបាច់បំផុត។ ទី ២ គឺការយកវិធានការវិទ្យាសាស្ត្រ ជាមូលដ្ឋាន ធ្វើការ-តេស្តចាក់វ៉ាក់សាំងពាក់ម៉ាស់ និងការធ្វើឱ្យបរិយាកាសមានខ្យល់ចេញចូលគ្រប់គ្រាន់»។