តើអ្វីជាកត្តាដែលធ្វើឱ្យប្រទេសនៅអាហ្វ្រិកប្រឈមមុខនឹងការធ្វើរដ្ឋប្រហារមិនចេះចប់?

ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ​ប៉ុណ្ណេះ​ ប្រទេស​អាហ្វ្រិក​ខាង​លិច​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ប្ដូរ​អ្នក​គ្រប់គ្រង​​​ញឹក​ញាប់​ ដោយ​ប្រទះ​នូវ​ការ​​ធ្វើ​រដ្ឋ​ប្រហារ​ជោគ​ជ័យ​រហូត​ដល់​បី​លើក​នៅ​ម៉ាលី​និង​ហ្គីណេ​ ​ ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​លើក​នៅ​នីហ្សេ​ និង​ការ​ផ្ទេរ​អំណាច​យោធា​តាម​អំពើ​ចិត្ត​នៅ​ប្រទេស​ឆាដ​​ក្រោយ​ប្រធានាធិបតី​​ត្រូវ​​គេ​ធ្វើ​ឃាត​ ។

People celebrate in the streets with members of Guinea’s armed forces after the arrest of Guinea’s president, Alpha Conde, in a coup d’etat in Conakry, September 5, 2021. – Guinean special forces seized power in a coup on September 5, arresting the president and imposing an indefinite curfew in the poor west African country. “We have decided, after having taken the president, to dissolve the constitution,” said a uniformed officer flanked by soldiers toting assault rifles in a video sent to AFP. (Photo by CELLOU BINANI / AFP) (Photo by CELLOU BINANI/AFP via Getty Images)

ប្រវត្តិសាស្ត្រ​ក្រោយ​អាណា​និគម​អាហ្វ្រិក​ខាង​លិច​ ត្រូវ​បាន​គេ​ស្គាល់​ថា​រង​ការ​ញាំញី​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​។​ ​ការ​ផ្លាស់​ប្ដូរ​ដណ្ដើម​អំណាច​បែប​នេះ​ គំរាម​កំហែង​ដល់​ដំណើរ​ការ​​​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​​អាហ្វ្រិក​ធ្លាប់​ឆ្លង​កាត់​រួច​ហើយ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​​នេះ​ ដោយ​បង្វិល​អាហ្រ្វិក​ទៅ​រក​យុគ​សម័យ​រដ្ឋ​ប្រហារ​​វិញ​។

សារព័ត៌មាន​ CNN  ​ស្រង់​ទិន្នន័យ​នៃ​ការ​សិក្សា​មួយ​ដែល​រក​ឃើញ​ថា​ អនុ​តំបន់​សាហារ៉ា​អាហ្វ្រិក​​ជួប​ប្រទះ​នូវ​រដ្ឋ​ប្រហារ​ដោយ​ជោគ​ជ័យ​ចំនួន​ ៨០ ​ដង​ និង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​បរាជ័យ​ ១០៨ ​ដង​​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៥៦ ​និង​ ​២០០១ ​ជា​មធ្យម ​៤ ​ដង​ក្នុង​មួយ​ឆ្នាំ​។ តួលេខ​នេះ​​ ធ្លាក់​ចុះ​ពាក់​កណ្តាល​ក្នុង​រយៈ​ពេល​ចាប់​ពី​ឆ្នាំ ​២០១៩ ​ដោយ​ប្រទេស​អាហ្រ្វិក​ភាគ​ច្រើន​បាន​ងាក​មក​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​​​។​

តើកត្តា​អ្វី​ដែល​បន្ត​ឱ្យ​ប្រទេស​នៅ​អាហ្វ្រិក​ជួប​បញ្ហា​បែប​នេះ​?

ពេល​វេលា​កន្លង​ផុត​ទៅ​ពីរ​ទសវត្សរ៍​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ដែល​ធ្លាប់​មាន​មិនទាន់​​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រេច​នោះ​ទេ​។​​ នៅ​ដើម​ទសវត្សរ៍​ក្រោយ​សម័យ​អាណានិគម​​ពេល​​ការ​ធ្វើ​រដ្ឋ​ប្រហារ​​កើត​មាន​ឡើង​ មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​​អាហ្វ្រិក​តែង​តែ​​ផ្តល់​​នូវ​ហេតុ​ផល​ដូច​គ្នា​ចំពោះ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​រួម​មាន​ អំពើ​ពុក​រលួយ​ ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​ និង​ភាព​ក្រីក្រ​។​

អ្នក​ស្រាវ​ជ្រាវ​អាមេរិក​ដែល​សិក្សា​លើ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​អាហ្វ្រិក​លោក​ Jonathan ​Powell​ និយាយ​ថា​៖​ «​បណ្តា​ប្រទេស​អាហ្វ្រិក​មាន​លក្ខខណ្ឌ​ទូទៅ​សម្រាប់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដូច​ជា​ភាព​ក្រីក្រ ​និង​ដំណើរ​ការ​សេដ្ឋកិច្ច​អន់​ថយ​។​ នៅ​ពេល​​ប្រទេស​មួយ​មាន​រដ្ឋ​ប្រហារ​​ហើយ​  ​រដ្ឋ​នោះ​នឹង​មាន​រដ្ឋ​ប្រហារ​​បន្ដ​បណ្ដាក់​គ្នា​ច្រើន​»​។​

​ជាក់​ស្ដែង​ លោក​វរសេនីយ៍​ឯក​ Mamady Doumbouya មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​ថ្មី​របស់​ប្រទេស​ហ្គីណេ​ យក​​ភាព​ក្រីក្រ​ និង​អំពើ​ពុក​រលួយ​​​ធ្វើ​ជាមូល​ហេតុ​នៃ​ការ​ផ្តួល​រំលំ​ប្រធានាធិបតី​​អាយុ​ ៨៣ ឆ្នាំ​លោក​ Alpha ​Conde​។​ ជាមួយ​គ្នា​នេះ ​ទាហាន​ដែល​ដឹក​នាំ​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ម៉ាលី​​កាល​ពី​ឆ្នាំ​មុន​​អះអាង​ថា​ ចោរកម្ម​ និង​អភិបាល​កិច្ច​មិន​ល្អ​ជំរុញ​ឱ្យ​មាន​សកម្មភាព​របស់​ខ្លួន​។​ ដូច​គ្នា​ដែរ​ ឧត្តម​សេនីយ៍​ស៊ូដង់​ និង​ហ្ស៊ីមបាវ៉េ​ដែល​​ផ្តួល​រំលំ​របប​លោក​ Omar al-Bashir ​​ក្នុង​ឆ្នាំ ​២០១៩ ​និង​លោក​ Robert Mugabe ​ក្នុង​ឆ្នាំ​ ២០១៧ ​ជា​បន្ត​បន្ទាប់​​ បាន​បង្ហាញ​ពី​ទឡ្ហី​ករណ៍​ស្រដៀង​គ្នា​។​

​តាម​ការ​​ស្ទង់​មតិ​នៅ​ទូទាំង​ប្រទេស​អាហ្វ្រិក​ចំនួន​ ១៩ ​របស់​បណ្តាញ​ស្រាវ​ជ្រាវ​ Afrobarometer ​​​អ្នក​ឆ្លើយ​តប​ ៦ ​នាក់​ក្នុង​ចំណោម ​១០ ​នាក់​និយាយ​ថា​ អំពើ​ពុក​រលួយ​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ខណៈ​ដែល​ ២ ​ក្នុង​ចំណោម​ ៣ ​និយាយ​ថា​រដ្ឋាភិបាល​របស់​ពួក​គេ​កំពុង​ធ្វើ​ការងារ​មិន​ល្អ​។​

​​នៅ​ពេល​និយាយ​អំពី​ភាព​ក្រីក្រ​ ​អាហ្វ្រិក​កាន់​តែលំ​បាក​បន្ថែម​ទៀត​ ខណៈ​ជំងឺ​កូវីដ១៩​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយ​ដែល​ផុយ​ស្រួយ​ស្រាប់​ហើយ​នោះ​ កាន់​តែ​យ៉ាប់​ទៅ​ៗ​​។​ ​​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​គ្មាន​ការងារ​ធ្វើ​នៅ​នីហ្សេរីយ៉ា​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាហ្វ្រិក​ខាង​លិច​។​​ បច្ចុប្បន្ន​ ប្រជាជន​ក្រីក្រ​ខ្លាំង​នៅអ​នុតំ​បន់​សាហារ៉ា​អាហ្វ្រិក​ត្រូវ​បាន​គេ​​ប៉ាន់ស្មាន​ថា​ច្រើន​ជាង​ ៥០០ ​លាន​នាក់​​ ស្មើ​នឹង​ចំនួន​ប្រជាជន​ពាក់​កណ្តាល​នៃ​តំបន់​។​

​លក្ខ​ខណ្ឌ​ទាំង​នេះ​ ​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការ​ធ្វើរ​ដ្ឋ​ប្រហារ​ ខណៈ​ដែល​ប្រជាជន​អាហ្វ្រិក​​អស់​សង្ឃឹម​កាន់​តែ​ខ្លាំង​ឡើង​នឹង​មេ​ដឹក​នាំ​ពុក​រលួយ​របស់​ខ្លួន​ ហើយ​ស្វាគមន៍​ក្រុម​រដ្ឋ​ប្រហារ​ដែល​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទ្រង់​ទ្រាយ​ធំ​។​ ជា​ឧទាហរណ៍​ ពលរដ្ឋ​ហ្គីណេ​សម្ដែង​ការ​ត្រេកអរ​នៅ​តាម​ដង​ផ្លូវ​ចំពោះ​ទាហាន​ដែល​​ផ្ដួល​រំលំ​រដ្ឋាភិបាល​​​​។

​​មួយជ្រុង​ទៀត​នៃ​បញ្ហា​គឺ​ថា​ ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​អាហ្រ្វិក​ទាំង​នេះ​សុទ្ធ​តែ​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​​លទ្ធិ​ប្រជាធិបតេយ្យ​​ ខណៈ​ដែល​អ្នក​វិភាគ​និយាយ​ថា​ ការ​បាត់​បង់​ជំនឿ​លើ​លទ្ធិ​នេះ​​ពី​សំណាក់​ពល​រដ្ឋ​​ជុំវិញ​កំណែ​ទម្រង់​ធម្មនុញ្ញ​លើ​អាណត្តិ​របស់​មេដឹកនាំ​ និង​ការ​យក​ការ​បោះឆ្នោត​ធ្វើ​ជា​ឈ្នាន់​ ក៏​ជា​កត្តា​ដែល​ជំរុញ​ឱ្យ​មានកា​រ​ធ្វើ​រដ្ឋ​ប្រហារ​ដែរ​ ជា​ពិសេស​​ រដ្ឋ​ប្រហារ​យោធា​។​

ក្នុង​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ ‘ការ​គំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អាហ្វ្រិក​៖​ ការ​កើន​ឡើង​នៃ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​’​ លោក​ John Mukum Mbaku ​សមាជិក​ជាន់​ខ្ពស់​​​នៃ​ Global​ Economy ​and​ Development ​និ​ង​ Africa ​Growth ​Initiative ​សរសេរ​ថា​៖​ «​វា​ជា​ការ​សំខាន់​ក្នុង​ការ​កត់​សម្គាល់​ថា​ ទោះ​បី​ជា​ការ​បោះឆ្នោត​មាន​សារៈ​សំខាន់​ចំពោះ​ការ​ផ្លាស់​ប្តូរ​ប្រទេស​ពី​របប​ផ្តាច់​ការ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រដ្ឋ​ធម្មនុញ្ញ​ក៏​ដោយ​ ក៏​​ការ​បោះឆ្នោត​អាច​គ្រាន់​តែ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ផ្តាច់​ការ​»។​ ​លោក​បន្ត​ថា​៖​ «​ឧទាហរណ៍​របប​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​ដូច​ជា​កាមេរូន​ សាធារណរដ្ឋ​កុងហ្គោ​ ហ្គីណេអេក្វាទ័រ ​​ប្រើ​ប្រាស់​ការ​បោះឆ្នោត​ដើម្បី​ធ្វើ​ឱ្យ​មេដឹក​នាំ​របស់​ខ្លួន​ស្រប​ច្បាប់​ និង​បន្ត​កាន់​អំណាច​ដោយ​គ្មាន​កំណត់​»​។​

ការ​ស្ទង់​មតិ​ដែល​​​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​អាហ្វ្រិក​ចំនួន​ ១៩ ​ក្នុង​ឆ្នាំ​ ២០១៩/២០​ ​បង្ហាញ​ថា​ មាន​តែ​អ្នក​ឆ្លើយ​តប​ ៤ នាក់​ក្នុង​ចំណោម ​១០ ​នាក់​ ឬ​៤២​ ភាគរ​យ​ប៉ុណ្ណេះ ​ដែល​ឥឡូវ​នេះ​ជឿ​ជាក់​ថា​ ការ​បោះ​ឆ្នោត​ដំណើរការ​បាន​ល្អ​ដើម្បី​ធានា​ថា​ «​សមាជិក​សភា​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​បោះឆ្នោត​»​ និង​ «​អនុញ្ញាត​ឱ្យ​អ្នក​បោះឆ្នោត​ដក​មេដឹក​នាំ​ដែល​មិន​ដំណើរ​ការ​ចេញ​​»។​ និយាយ​ម្យ៉ាង​ទៀត​ តិច​ជាង​ពាក់​កណ្តាល​ជឿ​ថា​ការ​បោះ​ឆ្នោត​ធានា​ភាព​ជា​តំណាង​ និង​គណនេយ្យ​ភាព​ធាតុ​ផ្សំ​សំខាន់​នៃ​​​លទ្ធិ​ប្រជាធិបតេយ្យ​​។​

លោក​ Doumbouya ​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ក្រោយ​យោធា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ហ្គីណេ​បាន​សម្រេច​កាល​ពី​សប្ដាហ៍​​មុន​ថា​៖ ​«​​ប្រសិន​បើ​ប្រជាជន​ត្រូវ​បាន​​ពួក​អភិជន​ជិះ​ជាន់​​ វា​ស្រេច​តែ​លើ​កង​ទ័ព​ដែល​នឹង​ផ្តល់​សេរីភាព​ដល់​ពួក​គេ​»​។​ ពាក្យ​នេះ​ធ្លាប់​ត្រូវ​បាន​​អតីត​ប្រធានាធិបតី​លោក​ John Rawlings ​ដែល​ដឹក​នាំ​រដ្ឋ​ប្រហារ​ពីរ​ដង​នៅ​ហ្គីណេ​ពី​អតីត​កាល​ ប្រើ​ប្រាស់​ដើម្បី​ជា​សារ​នយោបាយ​របស់​ខ្លួន​។​

លោក​ ​Doumbouya ​បន្ថែមថា​៖​ «​កាតព្វកិច្ច​របស់​ទាហាន​គឺ​ជួយ​សង្គ្រោះ​ប្រទេស​។​ យើង​នឹង​លែង​ប្រគល់​ល្បែង​នយោបាយ​ទៅ​ឱ្យ​មនុស្ស​ម្នាក់​ទៀត​ហើយ​។​ យើង​នឹង​ប្រគល់​វា​ទៅ​ឱ្យ​ប្រជាជន​»​។​

​លោក​ Conde ​​មុន​​លោក ​Doumbouya​ធ្វើ​រដ្ឋ​ប្រហារ​ គឺ​ជា​ប្រធានាធិបតី​​ដំបូង​គេ​ដែល​ឆ្លង​ការ​បោះឆ្នោត​ជាតិ​ហ្គីណេ​ក្នុង​ឆ្នាំ​ ២០១០ ​ហើយ​ម្ដង​ទៀត​នៅ​ឆ្នាំ ​២០១៥​ ។​ ​កាល​ពី​ឆ្នាំ​ទៅ​ លោក​​បាន​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ដោយ​អនុញ្ញាត​ឱ្យ​លោក​អាច​កាន់​ដំណែង​​​នៅ​អាណត្តិ​ទី​បី​ ប៉ុន្តែ​ជ័យ​ជម្នះ​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​ត្រូវ​​បាន​មតិ​ភាគ​ច្រើន​​ជំទាស់​ នាំ​ឱ្យ​មាន​ការ​តវ៉ា​ដែល​​សម្លាប់​មនុស្ស​រាប់​សិប​នាក់​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​។​ 

​កំណើន​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ នឹង​ធ្វើ​ឱ្យ​អាហ្រ្វិក​​មិន​សូវ​មាន​ការ​ព្យាករណ៍​និង​ស្ថិរភាព​ ដែល​ជា​រឿង​អវិជ្ជមាន​សម្រាប់​វិនិយោគិន​ និង​អាច​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​កាន់​តែ​អាក្រក់​ទៅ​ៗ​ ខណៈ​រដ្ឋ​ជា​ច្រើន​ក្នុង​ទ្វីប​នេះ​ជាង​ ១៥ ​ជាប់​ចំណាត់​ថ្នាក់​រដ្ឋ​ផុយ​ស្រួយ​​​​ឆ្នាំ​ ២០២១​។​ ​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner