ឯកឧត្តម ជា ចាន់តូ បានលើកឡើងពីការគ្រប់គ្រង សម្ពាធអតិផរណាដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣%

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបស្វាគមន៍ក្រុមបេសកកម្ម ពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុមបេសកកម្ម ពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ ។លោក Alasdair Scott បានជម្រាបជូនពីគោលបំណង នៃការបំពេញបេសកកម្ម រយៈពេល២ សប្តាហ៍នេះ គឺចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ និងបានថ្លែងការកោតសរសើរ ពីវិធានការរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការកាត់បន្ថយឥទ្ធិពល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល បានជម្រាបជូនពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការគាំទ្រសង្គម និងសុខាភិបាល ដែលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមទេសាភិបាល ក៏បានលើកឡើងពីការគ្រប់គ្រង សម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%) ។

កម្ពុជាក៏បានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញ និងសេវាប្រមាណ ១០ខែ ។ ទន្ទឹមនេះ ប្រព័ន្ធធនាគារ ក៏បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រ សកម្មភាពសេដ្ឋកិច្ច ជាពិសេស បានជួយដល់វិស័យដែលទទួលរងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះជំនួយបច្ចេកទេសរបស់ IMF ជាពិសេស វត្តមានការិយាល័យតំណាងរបស់ IMF នៅកម្ពុជា និងជំនាញការ IMF នៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកគាំទ្រ ការរៀបចំអនុវត្តគោលនយោបាយនានា ក៏ដូចជាការអភិវឌ្ឍធន-ធានមនុស្ស។

គួររំលេចថា បេសកកម្មពិគ្រោះយោបល់មាត្រា IV ជាបេសកកម្មរបស់ IMF ដែលត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅគ្រប់បណ្តាប្រទេសជាសមាជិក ក្នុងគោលបំណងតាមដានស្ថានភាព ម៉ាក្រូសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុ និងលើកជាអនុសាសន៍ គោលនយោបាយ សម្រាប់អនុវត្ត សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner