អាជ្ញាធរវៀតណាមស្ទាក់បានមនុស្ស ១៥នាក់ ដែលគេចចេញពីតំបន់រាលដាលជំងឺកូវីដ-១៩តាមរថយន្តទូទឹកកក

អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ការ​ស្ទាក់​បាន​មនុស្ស​ចំនួន ១៥នាក់ ដោយ​ក្នុង​នោះ​ក៏​មាន​កុមារា​វ័យ ៧ឆ្នាំ​ នៅ​ក្នុង​រថយន្ត​ទូទឹកកក ខណៈ​ពួក​គេ​មាន​បំណង​គេច​ចេញ​ពី​តំបន់​ភាគ​ខាង​ត្បូង​ ដែល​កំពុង​មាន​ការ​ផ្ទុះ​រាលដាល​ខ្លាំង​នូវ​ជំងឺ​កូវីដ-១៩។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម។

ប៉ូលិស​ខេត្ត Binh Thuan ដែល​នៅ​​ជាប់​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ចម្ងាយ​ប្រមាណ ២០០គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ បាន​រក​ឃើញ​ឡាន​ទូទឹកកក​មួយ​បង្ក​ជា​ការ​សង្ស័យ ក្រោយ​ពេល​ដែល​ព្យាយាម​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ចេញ-ចូល​ទៅ​កាន់​តំបន់​ភាគ​ខាង​ជើង​វៀតណាម។

បើ​តាម​ប្រភព​ដដែល​ រថយន្ត​នោះ​បាន​បរ​បាន​រាប់​សិប​គីឡូម៉ែត្រ​មក​ហើយ ដោយ​ចេញ​ពី​ខេត្ត Dong Nai ដែល​ជា​តំបន់​ឧស្សាហកម្ម​ក្បែរ​ទីក្រុង​ហូជីមិញ ដោយ​អ្នក​ដំណើរ​ទាំង​នោះ​ព្យាយាម​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​នៅ​ភាគ​កណ្ដាល​វៀតណាម។ អ្នក​ដំណើរ​មួយ​ទៀត​សោត​ក៏​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩​ផង​ដែរ ដោយ​ខ្លះ​មាន​អាការៈ​បែក​ញើស និង​ដក​ដង្ហើម​ខ្លី។

«យើង​ដឹង​ហើយ​ថា ជ្រក​នៅ​ក្នុង​ឡាន​ទឹកកក​មាន​ហានិភ័យ​ខ្ពស់ និង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ តែ​យើង​នឹង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ជាង​នេះ​ទៀត បើ​យើង​ឆ្លង​ជំងឺ​នេះ»។ នេះ​ជា​ការ​លើកឡើង​របស់​បុរស​ម្នាក់ ដែល​ធ្វើ​ដំណើរ​ជាមួយ​កូន​ប្រុស​អាយុ ៧ឆ្នាំ​របស់​លោក។

ខេត្ត Dong Nai កត់​ត្រា​អ្នក​ឆ្លង​កូវីដ-១៩សរុប ៣៥ ០០០ករណី ជាមួយ​នឹង​ការ​ស្លាប់ ៣២០កណី។ ខេត្ត​នេះ​កំពុង​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​ចាប់​តាំង​ពី​ខែ​កក្កដា​មក​ម្ល៉េះ។

វៀតណាម​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩​សរុប ៦១ម៉ឺន​ករណី​ហើយ ដោយ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ប្រមាណ ១១ ៤០០​នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner